ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីជ័យឃ្លាំង
ខេត្តក្រចេះ៖ រសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីជ័យឃ្លាំង នៅសាលាស្រុកស្នួល ខេត្តក្រចេះ។
សូមបញ្ជាក់ថា៖
១). លោក លាង មេងគីម ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជំនួសលោក ម៉ុត មេងហ៊ាង ដែលចូលនិវត្តន៍។
២). លោក ម៉េត ឡៃហេង ប្រធានការិយាល័យសេដ្ឋកិច្ឋ និងសង្គមកិច្ចសាលាខេត្ត ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃការងារក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ុត មេងហ៊ាង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិស្រែ និងលោក លាង មេងគីម ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ក្នុងការដឹកនាំ គ្រប់គ្រងច្រកទ្វារព្រំដែនសម្រេចបាននូវលទ្ធផល និងសមិទ្ធផលជាច្រើន ព្រមទាំងមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចនៃប្រទេសវៀតណាម បានយ៉ាងល្អប្រសើរ ជាពិសេសនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រង ចេញ-ចូលរបស់ជនបរទេសសម្រេចបានយ៉ាងហ្មត់ចត់។ សំដៅធានាបាននៃការឆ្លើយតបក្នុងការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ ព្រមទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេស ចរណ៍ជាតិ រួមជាមួយនឹងស្មារតីសាមគ្គីភាព និងមិត្តភាពដ៏ល្អជាមួយប្រទេសជិតខាង ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក។
ឯកឧត្តម អភិបាលខេត្ត សូមស្នើដល់អាជ្ញាធរស្រុក ឃុំ មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងឈរជើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង បន្តសហការគាំទ្រគ្នាយ៉ាងស្អិតរមួតថែមទៀត សំដៅចូលរួមក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ការសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលប្រជាពលរដ្ឋតាមច្រកទ្វារព្រំដែនទាំងពីរ និងការដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាជន ជាពិសេសស្មារតីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ។
ឯកឧត្តម វ៉ា ថន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ដែលទើបទទួលភារកិច្ចថ្មី នឹងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាមការប្ដេជ្ញាចិត្ត ដោយខិតខំប្រឹងប្រែងយកអស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមាន ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងការងារ នៅច្រកទ្វារព្រំដែន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យកាន់តែរីកមានការរីកចម្រើនថែមទៀត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើនូវការងារមួយចំនួន ដើម្បីឱ្យការបំពេញតួនាទី និងភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ដូចតទៅ៖
១). ត្រូវបន្តការដឹកនាំ និងគ្រប់គ្រងច្រកទ្វារព្រំដែនដោយអនុវត្តទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឱ្យបានល្អប្រសើរ។
២). ត្រូវបន្តពង្រឹងរបៀបរបបធ្វើការ ការបែងចែកតួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ និងខិតខំសិក្សាស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ហើយអនុវត្តឱ្យបានម៉ត់ចត់រាល់ការត្រួតពិនិត្យលើលិខិតស្នាម និងឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន។
៣). បន្តថែរក្សាស្នាដៃ និងសមិទ្ធផលនានាដែលមានកន្លងមក ព្រមទាំងបន្តខិតខំកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាព។ ៤). ត្រូវមានទំនាក់ទំនងកិច្ចសហការជាមួយអង្គភាពនានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចនៃប្រទេសវៀតណាម មានព្រំដែនជាប់គ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកព្រមទាំងការដោះដូរផលិតផលរបស់ប្រជាជននៅតាមតំបន់ព្រំដែនឱ្យបានល្អប្រសើរ និងឆាប់រហ័ស។
៥). ត្រូវបន្តយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យនូវរាល់បទល្មើសនានាតាមព្រំដែន និងបទល្មើសឆ្លងដែនខុសច្បាប់ ដោយត្រូវពង្រឹងលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនឱ្យបានល្អប្រសើរ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ