

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការ និងទិសដៅសហការជាមួយរដ្ឋបាលខណ្ឌ ក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការ និងស្នាក់នៅប្រមូលផ្តុំ របស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនផងដែរ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងណែនាំឲ្យមានការគ្រប់គ្រង និងពង្រឹងការត្រួតពិនិត្យកម្លាំងនៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ ណែនាំ លោក អធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការនិងទិសដៅ សហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំបន្តបង្ការបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី។ ណែនាំបន្តយកចិត្តទុកដាក់ ថែទាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានល្អ និងធ្វើរបាយការណ៍អំពីប៉ុស្តិ៍ដែលទ្រុឌទ្រោម។ ណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ (ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និងបោសសម្អាត OnLine Scams ដែលលួចលាក់នៅតាមមូលដ្ឋាន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើ ឬគប់គិត នឹងទទួលខុសត្រូវចំពោះ មុខច្បាប់ ជាដាចខាត)។ ណែនាំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតាមគោលដៅដែលមានបញ្ហាប្រឈកកស្ទះផងដែរ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ










