logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥
264
04-Mar-2025
Sub-nation news
Link

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រី គ្រប់រូប ” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុកទាំង១៤ មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស សមាជិក សមាជិកាកាយឫទ្ធិនារី និងកាកបាទក្រហមកម្ពុជា ចូលរួមផងដែរ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តបាត់ដំបង។


ជាកិច្ចចាប់ផ្តើម លោកស្រី អ៊ាន ណារៀង ប្រធានស្តីទីមន្ទីរកិច្ចការនារីខេត្តបាត់ដំបង បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ជូនអង្គពិធី។


នៅក្នុងពិធីនេះដែរ លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិបាលខេត្ត បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។


ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រី គឺជាស្នូល»។


រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្កលក្ខណៈ អំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពី ផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។


នៅក្នុងនោះ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ បានដាក់ចេញនូវអភិក្រម បរិវត្តកម្ម យេនឌ័រ ដោយផ្តោតលើការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត ការធ្វើស្ថាប័នីយកម្មថវិកាឆ្លើយតបយេនឌ័រការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ការធ្វើបរិវត្តកម្មផ្នត់គំនិតយេនឌ័រ និងការពង្រឹងការ តាមដានត្រួតពិនិត្យ និងវាយតម្លៃ។


ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវស្នើសុំ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តទប់ស្កាត់រាល់ទម្រង់នៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រ អាទិភាព ដូចខាងក្រោម៖

-លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ

-អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

-លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

-ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ចគិតគូរពី សុខុមាលភាព អភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។


ឯកឧត្តម មានប្រសាសន៍បន្តទៀតថា កិច្ចការទាំងនេះ ចាំបាច់ត្រូវការ ការចូលរួមកិច្ចសហការ និងភាពជាដៃគូពីគ្រប់តួអង្គ និងដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមពន្លឿនវឌ្ឍនភាព និងដាក់ចេញនូវវិធានការនានា ដើម្បីឈានទៅសម្រេចបាន ដូចការកំណត់នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងស្របតាមសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង របស់អង្គការសហប្រជាជាតិ។


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរកិច្ចការនារីខេត្ត ដែលបាន ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សហការស្វែងរកការគាំទ្រពីស្ថាប័ន អង្គភាព និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីការងារ សម្រាប់បងប្អូននារីនៅតាមមូលដ្ឋាន ក្នុងការបញ្ជ្រាបខ្លួនទទួលខុសត្រូវនូវតួនាទី ដឹកនាំបណ្តាផ្នែកសំខាន់ៗ ពីថ្នាក់លើរហូតដល់មូលដ្ឋានឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior