ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រី៣រូប រួមមានលោកស្រី សេង ហួយ និងលោក សុខ សុវណ្ណ ជាអភិបាលរងនៃគណៈអភិបាលក្រុង និងលោក ជិន វណ្ណា ជានាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលាក្រុង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាក្រុង លោកអធិការក្រុង ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល។
លោកស្រី សេង ហួយ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលទើបតែប្រកាសចូលកាន់មុខតំណែងថ្មី បានថ្លែងអំណរគុណចំពោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជឿជាក់និងផ្តល់ទំនុកចិត្តដើម្បីទទួលបានឱកាសបម្រើប្រជាពលរដ្ឋ និងសង្កមជាតិ។ ក្នុងនាមអភិបាលរង និងនាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ ទាំង៣រូបប្តេជ្ញាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខិតខំបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានានិងតាមឋានានុក្រម ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ ថែរក្សាការពារនិងពង្រឹងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនង សហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ និងស្វ័យសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សមត្ថភាព គុណធម៌ សុជីវធម៌ ក្នុងការបំពេញមុខងារ តួនាទីភារកិច្ចឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរទ្វេឡើង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងមាន សេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី អភិបាលរងក្រុងថ្មី និងនាយករដ្ឋបាលដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរក្រុមប្រឹក្សានិងគណៈអភិបាលក្រុង កាន់តែមានប្រសិទ្ធភាពដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្រុងឱ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។
ជាមួយគ្នានោះ ឯកឧត្ដម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការិយាល័យនិងអង្គភាពចំណុះសាលាក្រុងទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍក្រុងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់