

ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។
តំណាងក្រុមហ៊ុននីមួយៗ ក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការវិនិយោគទាំងនោះ ឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។
ឯកឧត្តម Brian McFeeters បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតដោយត្រង់ៗថា ឯកឧត្តម និងប្រតិភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព ហើយរំពឹងថា ទស្សនកិច្ចលើកនេះ នឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញក្តីរំពឹងដែរថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕






