logo
Header Logo
News Detail
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
305
20-Mar-2025
National news
Link

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ ស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ 


ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។ 


បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តបន្ទាយមានជ័យ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មី ដល់កម្លាំងនគរបាលការពារព្រំដែន ត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី។ 


សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់នគរបាលកាពារបេតិភណ្ឌប្រាសាទបន្ទាយឆ្មាថវិកាចំនួន១លានរៀល, ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល។ ក្នុងនោះ ក៏មានសម្ភារស្បៀង និងភេសជ្ជៈ រួមមាន អង្ករចំនួន២,៣០០គីឡូក្រាម, មីចំនួន២៣កេសធំ, ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior