

តាកែវ៖ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តភាគនិរតី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលជីវភាពការងារជាក់ស្ដែងរបស់បងប្អូនមន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ស្ថិតនៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត បានស្វែងយល់ពីស្ថានភាពការងារជាក់ស្ដែងរបស់កម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាគោលដៅនានា ក្នុងភូមិទាំង៨ នៃឃុំសូរភី។
ស្ថិតនៅតំបន់ប្រជុំជនជាប់ផ្លូវជាតិលេខ៣ ឃុំសូរភីមានប្រជាជនប្រមាណ១ម៉ឺននាក់ មានបន្ទប់ជួលកំពុងទទួលការស្នាក់នៅប្រមាណ១ពាន់បន្ទប់ និងមានរោងចក្រ-សហគ្រាសចំនួន១៥កន្លែង។ ក្រៅពីភាពជាក់ស្ដែងនៅកន្លែងបំពេញការងារដែលមន្ត្រីយើងត្រូវប្រចាំការយប់-ថ្ងៃ នៅទីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទួលការចែករំលែកបទពិសោធការងារជាក់ស្ដែងមួយចំនួន ពិសេសការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋតាមច្បាប់កំណត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏ប្រមូលបានសំណូមពរ និងការចូលរួមបញ្ចេញទស្សនៈយោបល់ល្អៗពីមន្ត្រីយើងដើម្បីកែលម្អការងារអាទិភាពចំពោះមុខក្នុងគោលដៅអភិវឌ្ឍប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងការងារដែលថ្នាក់ដឹកនាំសម្រេច និងប្រគល់ឱ្យថ្នាក់ក្រោមអនុវត្ត ក៏ដូចការងារដែលបងប្អូនថ្នាក់ក្រោមបានជួបប្រទះ ក្រោមបន្ទាត់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ និងមានជំនឿចិត្តលើការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ហើយមន្ត្រីក៏មានមោទកភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងជីវភាពការងារ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានជូនពរលោកនាយប៉ុស្តិ៍ នាយរង និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី មានសុខភាពល្អ និងទទួលបានជោគជ័យ ពិសេសក្នុងភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏សូមផ្ញើការជូនពរ និងលើកទឹកចិត្ត ជូនមេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សា ស្មៀន មន្ត្រីកិច្ចសន្យា និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋឃុំសូរភីទាំងមូលមានសុខភាពល្អ និងជោគជ័យដូចៗគ្នាដែរ៕









