នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត នីងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសាលាខេត្តជាច្រើនរូបផងដែរ។
ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើដល់លោក អភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេបទល្មើសចំនួន៣ ដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍មានដូចជា៖១.គ្រឿងញៀន, ២.ការជួញដូរមនុស្ស, ៣.ក្មេងទំនើង ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ការបើកវេទិការសាធារណ ជាគោលការណ៍រួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។