logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីហានិភ័យនៃការទទួលផលចោរកម្ម និងការទប់ស្កាត់ប្រេងឥន្ធនៈក្លែងក្លាយ
61
15-Sep-2026
Sub-nation news
Link

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនៅសាលាក្រុងពោធិ៍សាត់ ស្តីពី «ហានិភ័យនៃការទទួលផលចោរកម្ម ឈានទៅលុបបំបាត់ករណីចោរលួចប្រេង និងទប់ស្កាត់ផលិតផលក្លែងក្លាយ»។


កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង មន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអាជីវករលក់ដុំ និងលក់រាយប្រេងឥន្ធនៈ មកពីសង្កាត់ទាំង៤ នៃក្រុងពោធិ៍សាត់ រួមមាន សង្កាត់រលាប សង្កាត់ព្រៃញី សង្កាត់ស្វាយអាត់ និងសង្កាត់ផ្ទះព្រៃ។ កិច្ចប្រជុំមានគោលបំណងសំខាន់ក្នុងការចូលរួមលុបបំបាត់ករណីចោរលួចប្រេងឥន្ធនៈ ឱ្យមានប្រសិទ្ធភាព ព្រមទាំងណែនាំដល់អាជីវករឱ្យបញ្ឈប់ការទទួលទិញផលចោរកម្ម និងត្រូវទិញប្រេងឥន្ធនៈពីប្រភពដែលមានច្បាប់ និងប្រភពច្បាស់លាស់ ដើម្បីរួមគ្នាទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលដែលមានប្រភពមិនស្របច្បាប់។


ក្នុងឱកាសនោះ អាជ្ញាធរបានស្នើឱ្យអាជីវករលក់ដុំ និងលក់រាយប្រេងឥន្ធនៈ ចូលរួមធ្វើជា «ភ្នាក់ងារព័ត៌មាន» ដោយត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ប្រសិនបើប្រទះឃើញបុគ្គលណាម្នាក់យកប្រេងមកលក់ក្នុងតម្លៃខុសប្រក្រតី ឬមានប្រភពមិនច្បាស់លាស់ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ក៏បានប្រកាសផ្តល់ ប្រាក់រង្វាន់ចំនួន ១.០០០.០០០ រៀល ជូនប្រជាពលរដ្ឋ ឬអាជីវករ ដែលផ្តល់ព័ត៌មានច្បាស់លាស់ និងមានប្រសិទ្ធភាព ឈានទៅដល់ការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើសពាក់ព័ន្ធនឹងករណីលួចប្រេងឥន្ធនៈ។


កិច្ចប្រជុំក៏បានជំរុញឱ្យអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ការលក់ដូរ ការកែច្នៃ និងការចែកចាយផលិតផលក្លែងក្លាយ ព្រមទាំងរួមគ្នាពហិការផលិតផលដែលមានប្រភពមិនស្របច្បាប់ និងផលិតផលរបស់ជនល្មើស។


អាជ្ញាធរខេត្តបានបញ្ជាក់ថា យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មប្រេងឥន្ធនៈនេះ ត្រូវបានចាប់ផ្តើមអនុវត្តជំហានដំបូងនៅ ក្រុងពោធិ៍សាត់ ហើយនឹងបន្តពង្រីកការអនុវត្តទៅតាមបណ្តាស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ទីផ្សារ ការពារផលប្រយោជន៍អាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកពង្រឹងសន្តិសុខ សុវត្ថិភាព និងការអនុវត្តច្បាប់នៅក្នុងមូលដ្ឋាន៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior