បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្តមន្ត្រីរាជការ អ្នកពាក់ព័ន្ធ បានចូលរួមប្រារព្ធនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។
មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី លេីកឡេីងថា អនុលោមតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ, ព្រះរាជក្រមលេខៈ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រកាសឲ្យប្រើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និង ច្បាប់ពាក់ព័ន្ធនានា ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តី ណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចកទេស ស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ដោយក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំសម្រាប់អនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន។
ឯកឧត្ដម បន្តថា កាលពីកន្លងថ្មីៗ រដ្ឋបាលខេត្តបានរៀបចំវេទិកាពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដើម្បីបង្ហាញអំពីតម្រូវនៃការអភិវឌ្ឍមូលដ្ឋាន ក្នុងក្របខ័ណ្ឌទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនោះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ក្នុងន័យស្វែងរកនូវការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្ដម បន្តទៀតថា ដើម្បីឱ្យកម្មវិធីនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៥-២០២៧ មានខ្លឹមសារគ្រប់ជ្រុងជ្រោយនោះ ឯកឧត្ដម ស្នើដល់អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ដើម្បីពិនិត្យ រិៈរកនូវចំណុចខ្វះចន្លោះ ឬផ្តល់ព័ត៌មានទិន្នន័យ បំពេញបន្ថែម ឬ កែលម្អនូវចំណុចខ្វះខាតធ្វើយ៉ាងណាឱ្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលមានភាពកាន់តែល្អប្រសើរអាចទទួលយកបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត នៅជំហានបន្ទាប់ខាងមុខនេះ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ