logo
Header Logo
News Detail
thumbnail
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែមិថុនា និងដាក់ចេញទិសដៅអនុវត្តបន្ត
70
11-Jul-2026
Social Security News
Link

ពោធិ៍សាត់៖ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែមិថុនា ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ជាមួយជំនាញតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបង្ការ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យជំនាញចំណុះផែនការងារនគរបាលព្រហ្មទណ្ឌទាំង៣ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក លោក លោកស្រី នាយរងការិយាល័យ លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ព្រមទាំងលោក លោកស្រី នាយ នាយរងផ្នែកជំនាញ និងមន្ត្រីនគរបាលចំណុះផែនការងារនគរបាលព្រហ្មទណ្ឌជាច្រើនរូប។


បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុប និងមតិយោបល់របស់លោកនាយផ្នែក លោកអធិការរង និងលោកនាយការិយាល័យជំនាញរួចមក លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរង បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដូចជា ការបំពេញបែបបទ និងនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ការកំណត់បទល្មើសឱ្យបានច្បាស់លាស់ ការពង្រឹងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នលើការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងការរាយការណ៍ករណីនានាមកការិយាល័យជំនាញ និងថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលា។ លោកស្នងការរងក៏បានជំរុញឱ្យអង្គភាពពាក់ព័ន្ធខិតខំសិក្សាស្វែងយល់ពីអត្តចរិត និងក្រឹត្យក្រមនៃបទល្មើស តាមដាន និងកំណត់ទីតាំងប្រឈម ពង្រឹងការត្រួតពិនិត្យទីតាំងទទួលបញ្ចាំ យកចិត្តទុកដាក់ការពារកន្លែងកើតហេតុ ស្នើសុំជំនួយពីជំនាញកោសល្យវិច្ឆ័យក្នុងករណីចាំបាច់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពង្រឹងការស៊ើបអង្កេតដោយរក្សាការសម្ងាត់ពីតម្រុយបទល្មើស និងពន្លឿនការស៊ើបអង្កេតបឋមលើបទល្មើសមជ្ឈឹម។


ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យពង្រឹងការអប់រំដល់សិស្សានុសិស្សក្នុងស្មារតីទប់ស្កាត់សកម្មភាពក្មេងទំនើង ជៀសវាងការអនុវត្តខុសនីតិវិធី និងការបង្ខាំងមនុស្សខុសច្បាប់ ធ្វើការ ប្រមូលសំណុំរឿងពាក់ព័ន្ធ ដើម្បីរៀបចំបណ្តឹងដាក់បន្ទុកលើមុខសញ្ញាប្រព្រឹត្តបទល្មើស លើសំណុំរឿងផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ លោកបានក្រើនរំលឹកដល់មន្ត្រីគ្រប់រូបឱ្យខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យជាមន្ត្រីនគរបាលជាតិ និងមន្ត្រីនគរបាលយុត្តិធម៌។


ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក បានធ្វើការប្រកាសផ្ទៃក្នុងស្តីពីការសម្រួលការងារ ដោយតែងតាំង និងសម្រួលភារកិច្ចជូនមន្ត្រីនគរបាលជាតិចំនួន ២រូប ក្នុងនោះមានថ្នាក់នាយការិយាល័យ ១រូប និងថ្នាក់នាយរងការិយាល័យ ១រូប ដើម្បីបន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងារក្នុងអង្គភាព។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior