

ខេត្តស្ទឹងត្រែង៖ នេះពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត បន្ទាប់ពីមានកិច្ចសហការប្រត្តិបត្តិការទ្វេភាគី រវាងខេត្តស្ទឹងត្រែង កម្ពុជា និងខេត្ត ហ្សាឡាយ (វៀតណាម)។ ហើយថ្នាក់ដឹកនាំខេត្តទាំង២បានខិតខំប្រឹងប្រែងជំនួបពិភាក្សា សម្រេចបានបន្ថែមទៀតនូវសហប្រតិបត្តិការលើការជំរុញការវិនិយោគ លើវិស័យសំខាន់ៗជាសក្តានុពល មានវិស័យ កសិកម្ម កសិ-ឧស្សាកម្ម ទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក និងការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ បន្ទាប់ពីរំលេចជាផ្លែផ្កា នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃខេត្តទាំង២បានធ្វើសន្និសីទជំរុញការវិនិយោគ និងពិធីបើកវេទិកាជំរុញការវិនិយោគទ្វេភាគី ស្ទឹងត្រែង-ហ្សាឡាយ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់វិនិយោគិនបរទេស មកវិនិយោគ នៅខេត្តស្ទឹងត្រែង ស្របតាម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយរដ្ឋបាលខេត្តមានការសម្របសម្រួលគ្រប់មធ្យោបាយដល់ក្រុមហ៊ុន បង្កលក្ខណៈងាយស្រួលដល់អាជីវករដើម្បីបង្កើនទំហំពាណិជ្ជកម្មមានការកើនឡើងនៅខេត្តស្ទឹងត្រែង លើការវិនិយោគវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ខណៈពេលរដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច និងកំពុងបន្តដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃការតម្រង់ទិស របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយ អំពីការជំរុញឱ្យវិស័យទាំង៣ ជាវិស័យឈានមុខ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជននៅខេត្តស្ទឹងត្រែងកាន់តែធូរធារល្អប្រសើរ។
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង









