

នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមបើកកម្មវិធីតម្រង់ទិសដល់អ្នកសិក្សា-ហ្វឹកហាត់ មុនចុះកម្មសិក្សាតាម បណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត លើប្រធានបទស្តីពី «គ្រឿងញៀននិងផលបះពាល់គ្រឿងញៀន ការប្រើប្រាស់ App NoDrugs និង App នានា របស់ក្រសួងមហាផ្ទៃ ការប្រើប្រាស់ដំបងនិងការបញ្ជាចរាចរណ៍ គោលនយោបាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការសង្គ្រោះបឋម និងការអន្តរាគមន៍ក្នុងគ្រាអាសន្ន» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B)។
ថ្លែងស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ពិតជាមានសោមនស្សក្រៃលែង ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំក្រុមការងារមកចែករំលែកបទពិសោធ នាឱកាសដ៏មានសារៈសំខាន់នេះ។ ការណ៍នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំណេះដឹង ទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ជួរមន្ត្រីអនុវត្តច្បាប់ ជាពិសេស គឺការរៀបចំអាវុធគំនិតដល់ជួរនគរបាលបន្តវេន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាប្រធានបទដ៏ក្តៅគគុកនិងជាសកល ដែលបំផ្លាញអនាគតរបស់បុគ្គលនិងក្រុមគ្រួសារ ហើយថែមទាំងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គមជាតិ ព្រមទាំងបង្កជាហានិភ័យខ្ពស់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែបានដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការម៉ឺងម៉ាត់ជា បន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនិងលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនពីសង្គមជាតិយើង។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានជម្រាបជូន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ផងដែរថា កន្លងមកបណ្ឌិត្យសភា តែងតែបានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញ វិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធល្អៗ លើប្រធានបទនានា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ មន្រ្តីនគរបាលជាតិ និស្សិត សិស្ស និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាក់ស្តែង ថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍និងក្រុមការងារ បានអញ្ជើញជាវាគ្មិនកិត្តិយស លើប្រធានបទនៃបាឋកថា ស្តីពី «គ្រឿងញៀននិងផលប៉ះពាល់គ្រឿងញៀន វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងកម្មវិធីទូរសព្ទ NoDrugs» ដែលជាប្រធានបទដ៏មានសារៈសំខាន់និងចំពេលវេលាដែលចាំបាច់បំផុត។
ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានដាសតឿនក្រើនរំឭកដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រី ព្រមទាំងអស់ ព្រមទាំងអ្នកសិក្សា-ហ្វឹកហាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ ស្តាប់ កត់ត្រា និងសាកសួរវាគ្មិនឱ្យបានច្បាស់លាស់ បើមានចម្ងល់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា











