

នារសៀលថ្ងៃសុក្រ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី និងវគ្គបណ្តុះបណ្តាលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ចំនួន៣កម្មវិធី/វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ១៣២រូប (ស្រី ២៥រូប) នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះដែរ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ បានមានមតិផ្ដាំផ្ញើទៅកាន់សិក្ខាកាម នៃអង្គពិធីទាំងមូល និងសង្ឃឹមយ៉ាងមុតមាំថាលោកស្រី លោកជាសិក្ខាកាមនឹងខិតខំប្រែក្លាយចំណេះដឹង ក៏ដូចបទពិសោធន៍ថ្មីៗដែលទទួលបានក្នុងរយៈពេលនៃការសិក្សា យកទៅជាការអនុវត្តជាក់ស្តែងនៅក្នុងការដឹកនាំ ការរៀបចំគោលនយោបាយ ក៏ដូចការបម្រើសេវាសាធារណៈ ឆ្ពោះទៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៅមូលដ្ឋានរបស់ខ្លួនសំដៅផ្តល់បរិយាកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចរស់នៅក្នុងស្ថានភាពប្រកបដោយផាសុខភាព មានជីវភាពធូរធារ និងមានសន្តិសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរបស់សហគមន៍អន្តរជាតិទាំងមូល៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ


































