ក្នុងសម័យកាលនៃភាពជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនប្រហែលជាធ្លាប់បានលឺឬស្គាល់ហើយនូវពាក្យថា Search Engine ដែលជាភាសាខ្មែរមានន័យថា “ម៉ាស៊ីនស្វែងរក”។ Search Engine ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនោះគឺ Google Search របស់ក្រុមហ៊ុន Alphabet Inc ។
តើ Search Engine គឺជាអ្វី? ហើយវាមានដំណើរការយ៉ាងដូចម្តេច?
Search Engine ឬ ម៉ាស៊ីនស្វែងរក គឺជាសំណុំនៃកម្មវិធី ឬគេហទំព័រដែលមានមុខងារធ្វើការស្វែងរកព័ត៌មានទៅតាមការកំណត់របស់អ្នកប្រើប្រាស់។ ជាធម្មតា Search Engine មានដំណើរការដោយពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត ដែលជាដំបូង វាធ្វើការត្រួតពិនិត្យនូវរាល់ព័ត៌មានទាក់ទងនឹងប្រធានបទនៃការស្វែងរករបស់អ្នកប្រើប្រាស់ពីប្រភពទិន្នន័យនានានៅលើបណ្តាញអ៊ីនធឺណិត ដោយក្នុងនោះមានដូចជា ព័ត៌មានជាប្រភេទឯកសារ រូបភាព ឬជាវីដេអូជាដើម។ បន្ទាប់ពីធ្វើការស្វែងរកក្នុងដំណាក់កាលខាងលើហើយ វាធ្វើការចម្រាញ់យកលទ្ធផលណាដែលពាក់ព័ន្ធទៅនឹងប្រធានបទដែលអ្នកប្រើប្រាស់ធ្វើការស្វែងរក ហើយជាចុងក្រោយ វាធ្វើការបង្ហាញលទ្ធផលនៃការស្វែងរកទាំងនោះទៅតាមលំដាប់លំដោយនៃកម្រិតពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកប្រើប្រាស់បានធ្វើការស្វែងរក។ ចំណុចដែលអ្នកប្រើប្រាស់គួរដឹងពីការប្រើប្រាស់ Search Engine នោះគឺ ការកំណត់ពាក្យគន្លឹះ ឬ keyword សម្រាប់ការស្វែងរក។ ប្រសិនបើអ្នកប្រើប្រាស់អាចធ្វើការកំណត់ពាក្យគន្លឹះក្នុងការស្វែងរកបានច្បាស់លាស់ និងមានប្រសិទ្ធភាព នោះលទ្ធផលនៃការស្វែងរក ស្រាវជ្រាវដែលទទួលបានក៏នឹងមានគុណភាព ឬស្របតាមអ្វីដែលអ្នកចង់បានតាមនោះផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកប្រើប្រាស់ចង់ធ្វើការស្វែងរកព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា AI នោះពាក្យគន្លឹះដែលគេគួរប្រើប្រាស់សម្រាប់ការស្រាវជ្រាវអាចមានដូចជា AI Artificial Intelligence ឬបញ្ញាសិប្បនិម្មិតជាដើម ដើម្បីធ្វើការស្វែងរក ឬស្រាវជ្រាវតាមរយៈ Search Engine។ ការប្រើប្រាស់ពាក្យគន្លឹះច្បាស់លាស់បែបនេះ នឹងជួយឲ្យទទួលបានព័ត៌មានច្បាស់លាស់ និងក្បោះក្បាយទាក់ទងនឹងប្រធានបទដែលអ្នកប្រើប្រាស់ចង់ស្វែងរក។ ការយល់ដឹង និងចេះប្រើប្រាស់ Search Engine អាចរួមចំណែកយ៉ាងច្រើនក្នុងការសម្រួលដល់ការសិក្សាស្រាវជ្រាវ និងការស្វែងរកព័ត៌មាននានារបស់មនុស្សក្នុងសម័យបច្ចេកវិទ្យានេះ ដោយវាតម្រូវឲ្យអ្នកប្រើប្រាស់ការចំណាយពេលវេលា និងថវិកាតិច ទទួលបានប្រសិទ្ធិភាពខ្ពស់ មានភាពរហ័សទាន់ចិត្ត និងផ្តល់នូវលទ្ធភាពនានាជាច្រើនទៀតប្រកបដោយភាពបត់បែនដល់អ្នកប្រើប្រាស់ផងដែរ៕