logo
Header Logo
News Detail
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បង្គោលភ្លើងសូឡា» តភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ
35
13-Jun-2026
Sub-nation news
Link

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បង្គោលភ្លើងសូឡា» តភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ រួមជាមួយយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) វេលាម៉ោង៦ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត» នៅភូមិស្វាយប៉ាក ឃុំព្រងិល ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសាធារណៈ។


ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គម្រោងដំឡើងបង្គោលភ្លើងសូឡា ចំនួន៣៤គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១៥៥ (ចំណុចបំបែកលាច) រហូតដល់ដំណាក់ឈើក្រម គឺជាជំហានមួយដ៏សំខាន់។ យើងមិនមែនឈប់ត្រឹមនេះទេ យើងមានគម្រោងបន្តដំឡើងបន្ថែម៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង វត្តហ្លួង និងរង្វង់មូលក្រូច ដើម្បីធានាថាគ្រប់ផ្លូវសំខាន់ៗក្នុងខេត្ត មានពន្លឺគ្រប់គ្រាន់នៅពេលយប់។


ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះការដាំដើមក្ងោក លោកបានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈការជំរុញការដាំដុះ នាវេលាម៉ោង៦ព្រឹក នៅតាមដងផ្លូវលេខ១៥៥, ផ្លូវជាតិលេខ៥៥ និងបណ្តាផ្លូវសំខាន់ៗក្នុងខេត្ត ឱ្យបានគ្រប់គ្រាន់ក្នុងឆ្នាំ២០២៦ នោះត្រឹមឆ្នាំ២០២៧ ខេត្តពោធិ៍សាត់នឹងមានសម្រស់បៃតងលាយឡំដោយផ្កាដ៏ស្រស់ស្អាត ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់អ្នកដំណើរ។ 


ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា គុណប្រយោជន៍នៃអំពូលភ្លើងសូឡា គឺបានជួយបង្កើនសុវត្ថិភាព ក្នុងការធ្វើដំណើរពេលយប់ កាត់បន្ថយអំពើចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងប្រើប្រាស់ថាមពលស្អាត ដែលចំណាយតិច។ ជាមួយគ្នានោះ ដើមក្ងោកដែលយើងទាំងអស់គ្នា កំពុងជំរុញការដាំដុះនេះ គឺនឹងជួយកាត់បន្ថយកម្ដៅ បន្សុទ្ធខ្យល់អាកាស និងបង្កើតបានជាសោភ័ណភាពបៃតង ដែលធ្វើឱ្យមូលដ្ឋានមានភាពទាក់ទាញ និងមានផាសុកភាព។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារបង្គោលភ្លើង និងដើមឈើដែលដាំថ្មី ដើម្បីជាសមិទ្ធផលប្រយោជន៍រួម។


គួរជម្រាបជូនថា គម្រោងនេះសម្រេចជោគជ័យបានដោយសារការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងការឧបត្ថម្ភយ៉ាងសកម្មពី ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយតាមបណ្តាក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្ត។ កន្លងមក រដ្ឋបាលខេត្តក៏បានដំឡើងភ្លើងសូឡាប្រភេទ LED រួចរាល់លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបងផងដែរ។


ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះសួរសុខទុក្ខអាជីវករនៅផ្សារលាច ដោយបានឧបត្ថម្ភសាច់ជ្រូក និងសាច់គោជូនបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប ក៏ដូចជាបន្តចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អបរិស្ថានអប់រំ «នៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ» ដើម្បីធានាថាទាំងសេវាសាធារណៈ និងការអប់រំក្នុងខេត្ត មានការរីកចម្រើនឥតឈប់ឈរ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior