logo
Header Logo
News Detail
thumbnail
ក្រសួងមហាផ្ទៃ បន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាន ២២ទៀតក្នុងខែកញ្ញាកន្លងទៅ
2K
26-Oct-2024
National news
Link

មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន ២២បន្ថែមទៀតហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។


ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានញែកឱ្យដឹងថា មានសមាគមចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នា ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន១៥ផងដែរ។


គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨២៨។


តាមមាត្រា៦ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញសំណុំលិខិតរួមមាន ១-ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់ ២-លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤ X ៦ ចំនួន២ច្បាប់ ៤-លក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល ២ច្បាប់។


ក្រសួងមហាផ្ទៃ ត្រូវសម្រេចអំពីការចុះបញ្ជីរយៈពេល៤៥ថ្ងៃបន្ទាប់ពីទទួលបានលិខិតស្នើសុំ។ ករណីក្រសួងខកខានមិនបានសម្រេចក្នុងរយៈពេលដូចកំណត់ច្បាប់ សមាគមឬអង្គការនោះត្រូវចាត់ថាបានទទួលចុះបញ្ជីស្របច្បាប់។ ករណីនេះក្រសួងត្រូវធ្វើនិយតកម្មឯកសារចុះបញ្ជីផ្តល់ជូន។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃអាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់សាធារណៈឬបង្កអន្តរាយដល់សង្គមកម្ពុជា។ នេះបើតាមច្បាប់ដដែល៕


ប្រភព៖ លោក សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior