

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពមន្ត្រី ការអនុវត្តការងារឱ្យមានគុណភាព និងទាន់ពេលវេលា ព្រមទាំងការអភិវឌ្ឍប្រព័ន្ធការងារឱ្យកាន់តែមានស្តង់ដារ តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញឱ្យមន្ត្រីគ្រប់រូបបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ វិន័យការងារ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបំពេញភារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបន្តពង្រឹងកិច្ចសហការ ការចែករំលែកបទពិសោធន៍ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង










