logo
Header Logo
News Detail
thumbnail
កម្ពុជា-ប្រេស៊ីល បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈឯកអគ្គរដ្ឋទូតប្រេស៊ីល សរសើរលទ្ធផលបង្ក្រាបស្កេមនៅកម្ពុជាថា «លេចធ្លោ និងជាក់ស្ដែង»
102
19-Aug-2026
National news
Link

ភ្នំពេញ ៖ លោកជំទាវ វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជា បានអបអរសាទរយ៉ាងក្រៃលែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបានលទ្ធផលដ៏លេចធ្លោ និងប្រកបដោយភាពជាក់ស្ដែង ក្នុងប្រតិបត្តិការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនារយៈពេលមួយឆ្នាំចុងក្រោយនេះ។  


នេះជាអំណរសាទរថ្លែងផ្ទាល់មាត់ដោយ លោកជំទាវ វីបាន ឡូស សានម៉ាតាំង ក្នុងឱកាសចូលជួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។


លោកជំទាវ វីបាន ឡូស សានម៉ាតាំង គឺជាឯកអគ្គរដ្ឋទូតប្រេស៊ីលដំបូងគេហើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសល្បីខាងវិស័យបាល់ទាត់មួយនេះ សម្រេចបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍នៅកម្ពុជា ក្នុងឆ្នាំ២០២៦។ វិស័យបាល់ទាត់ក៏ជាប្រធានមួយនៃជំនួបនេះដែរ។ បន្តទៅប្រធានបទបង្ក្រាបបទល្មើសស្កេមអនឡាញ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល ក្រោមស្មារតីរួមមួយថា «ទោះបីប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែយើងនៅតែអាចធ្វើការជាមួយគ្នាបានយ៉ាងជិតស្និទ្ធ»។


ក្នុយន័យនេះ លោកជំទាវ វីបាន ឡូស សានម៉ាតាំង បានបង្ហាញមោទនភាពដែលក្លាយជាឯកអគ្គរដ្ឋទូតប្រស៊ីលដំបូងគេនៅកម្ពុជា ជាពិសេសក៏ក្នុងពេលដែលកាលៈទេសៈបានតម្រូវឱ្យប្រេស៊ីល និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្វីដ្បិតទើបចូលកាន់តំណែងនៅកម្ពុជា ប៉ុន្តែ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា ប្រេស៊ីល បានតាមដាន និងក៏មានកិច្ចសហការយ៉ាងល្អ ជាបន្តបន្ទាប់ជាមួយក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារបង្ក្រាបអនឡាញស្កេម និងអំពើជួញដូរមនុស្ស។


លោកជំទាវ បន្តថា  បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រេស៊ីល កំពុងពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចអនុស្សរណៈនៃការយោគយល់ (MOU) និងក៏បានកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្របសម្រួលបញ្ជូនជនជាតិប្រេស៊ីលទៅប្រទេសកំណើត និងលើករណីជនជាតិប្រស៊ីលឃុំខ្លួននៅកម្ពុជា។


លោកជំទាវ ក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជាដែលបានបើកចំហទទួលយកមតិយោបល់ពីគ្រប់ភាគី ជាពិសេសការឈានទៅដាក់ឱ្យអនុវត្តបែបបទថ្មីមួយពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ លោកជំទាវបានដាក់ក្ដីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា តាមរយៈតួនាទីជាឯកអគ្គរដ្ឋទូត និងដោយឡែកតាមរយៈ MOU ដែលលេចចេញជារូបរាងឆាប់ៗខាងមុខ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀត ជាពិសេសលើការងារសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះប្រសាសន៍វាយតម្លៃប្រកបដោយការលើកទឹកចិត្តមកលើការខិតខំប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញស្កេម។ យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ ដែលទាមទារឱ្យធនធានមន្រ្តីអនុវត្តច្បាប់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងបំប៉នជំនាញឱ្យទាន់សភាពការណ៍។ ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណប្រេស៊ីលដែលបានប្រកាសត្រៀមជួយកម្ពុជាតាមរយៈយន្តការMOU។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតាំងចិត្តខ្ពស់បោសសម្អាតបទល្មើសអនឡាញស្កេមឱ្យដល់ឬសគល់ដោយគ្មានការដកដៃ ពោលគឺទោះបីជាជនជាតិខ្មែរ ឬជាតិសាសន៍ណាក៏ដោយ សមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យខាងតែបាន និងដោយគ្មានការលើកលែង។ ជាក់ស្ដែង មកដល់ខែសីហានេះ ទីតាំងធំៗជាច្រើនកន្លែងត្រូវបានបិទទ្វារជាស្ថាពរ មេក្លោងតូចធំត្រូវបានចាប់ខ្លួន ខ្លះជាប់ឃុំនៅកម្ពជា ខ្លះបញ្ជូនទៅប្រទេសកំណើត ខណៈជនបរទេសជិត៤០ម៉ឺននាក់ត្រូវបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត គិតចាប់ពីដើមនីតិកាលថ្មីមក។


ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នា អំពីការត្រៀមរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញាខាងមុខ និងប្រធានបទពាក់ព័ន្ធនឹងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដូចជាក្នុងវិស័យទេសចរណ៍ និងវិស័យកីឡាជាដើម។ ក្នុងវិស័យកីឡា ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចអំពីវត្តមានកាន់តែច្រើននៃកីឡាករបាល់ទាត់ប្រេស៊ីលនៅកម្ពុជា ក្នុងនោះក៏មានកីឡាករបានចូលសញ្ជាតិខ្មែរ និងក្លាយជាសមាជិកក្រុមជម្រើសជាតិ ខណៈលោកជំទាវឯកអគ្គរដ្ឋទូត  ក៏បានអបអរសាទរចំពោះកីឡាករប្រដាល់សញ្ជាតិប្រេស៊ីលចូលសញ្ជាតិខ្មែរ ដែលអ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជាបានចាប់អារម្មណ៍៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior