

ភ្នំពេញ៖នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងឈានមកដល់។ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងនៅទីតាំងចំនួន៥កន្លែងផ្សេងទៀត។
នាព្រឹកថ្ងៃទី១០ ខែមេសានេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយឯកឧត្ដមអភិបាលរងរាជធានី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនៈភាពការងារតុបតែងលម្អរសោភណ្ឌភាពនៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលកំពុងលេចរូបរាងជាបណ្តើរៗហើយត្រៀមវរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។បន្តាប់មកឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញបន្តទៅពិនិត្យមើលការងាររៀបចំនៅភូមិវប្បធម៌«សួនរវឌ្ឍនៈ »នាសួនច្បារអតីតទីលានប្រជាធិបតេយ្យ)ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឱ្យក្រុមការងារជំនាញពន្លឿនការរៀបចំនេះឱ្យបានលឿននិងឱ្យទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ ឯកឧត្ដមឃួង ស្រេង នូវបានណែនាំឱ្យក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ ធ្វើអនាមម័យ បរិស្ថានផងដែរ។
គិតមកដល់ថ្ងៃទី១០ ខែមេសានេះ ក្រោមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អរសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។ ចំណែកខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អរពិសេសភូមិវប្បធម៌ក៏ដូចទីតាំងផ្សេងៗទៀតដែរ។
ក្នុងនោះរូបសំណាកសេះព័ណមាសដ៏អង់អាចតំណាងឱ្យឆ្នាំមមី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំធ្វើឡើងពី ឬស្សី កម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណានត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញដំឡើងរួចរាល់នៅលេីបល្ល័ង្កកម្ពស់ ៣ម៉ែត្រ ទទឹង៣ម៉ែត្រខាងមុខនាឡិកាធំ ហើយអមដោយរូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អរយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស និងមានរូបសំណាកមួយចំនួនទៀតនៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”នេះទទួលបានជោគជ័យនិងមានសោភណ្ឌភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិរង់ចាំទទួលស្វាគមន៍ ពុកម៉ែ មីង អុំ បងប្អូនមកទស្សនាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នេះ។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕
ប្រភពឡ រដ្ឋបាលរាជធានីភ្នំពេញ









