ខេត្តក្រចេះ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកស្នួល អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម លី ផល្លា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមគោរពអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព សូមប្រើប្រាស់ប័ណ្ណប.ប.ស ឱ្យបានគ្រប់ៗ ដើម្បីលើកកម្ពស់នូវគុណភាពសុខាភិបាល តបតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្នើឱ្យរស់នៅមានការប្រុងប្រយ័ត្ន ពិសេសការហូបចុក ត្រូវតមតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនូវជំងឺមិនឆ្លង។
ក្នុងអង្គវេទិការ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងកើតមានក្នុងមូលដ្ឋានរួមមាន ៖ ១)-ការចោលសម្រាមពាស់វាលពាសកាលតាមដងផ្លូវសាធារណៈ បង្កសាយក្លិន ខូចបរិស្ថានសុខភាពអនាម័យ ២)-បញ្ហាចោរលួចផលិតផលកសិកម្មតាមរដូវ ៣)-សុំអណ្តូងទឹក ៤)-តបណ្តាញអគ្គីសនីចូលភូមិ ៥)-សុំតម្លើងបង្គោលសេវាទូរស័ព្ទ ដើម្បីងាយស្រួលទាក់ទក ៦)-និងស្នើសុំផ្លូវជាដើម។
ឆ្លើយតបទៅនឹងបញ្ហាខាង ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារខេត្ត បានជំរុញ១)-ស្នើឱ្យអង្គការដៃគូរWorl-Vision ជួយសម្រួលការងារនេះ និងស្នើឱ្យឃុំរកទីតាំងសម្រាប់ដាក់អណ្តូង ដើម្បីងាយស្រួលក្នុងការប្រើប្រាស់រួមគ្នា ២)-ការស្នើសុំតម្លើងបង្គោលសេវាទូរស័ព្ទ មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍បានទទួលយកនិងរៀបចំជូន ៣)-បញ្ហាចោលសម្រាម ស្នើជំរុញឱ្យមេភូមិ-ឃុំ សហការជាមួយមេប៉ុស្តិ៍ រួមនិងប្រជាការពារ ចុះតាមដានល្បាតមើលជាប្រចាំនៅទីតាំងជាក់ស្តែង និងធ្វើការណែនាំ និងចាត់វិធានការ និងសូមបងប្អូនមូលដ្ឋានចូលរួមសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងនោះដែរ ឯកឧត្តម គង់ គឹមនី ក៏បានផ្តល់ម៉ាស៊ីនទាក់ទង I-cum ៦គ្រឿង និងសំលៀកបំពាក់មួយចំនួន ជូនប្រជាការពារ ដើម្បីងាយស្រួលក្នុងការចុះបំពេញការងារ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ