logo
Header Logo
News Detail
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមចំនួន៣វគ្គ ដែលកំពុងសិក្សា-ហ្វឹកហាត់នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម
75
21-Oct-2026
National news
Link

នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះ សំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមចំនួន៣វគ្គ មានសិក្ខាកាមសរុប២៤០នាក់ នារី ៩នាក់ ដែលកំពុងសិក្សា-ហ្វឹកហាត់នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម រួមមាន ១- វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជំនាន់ទី៣ ២- វគ្គបំប៉នជំនាញកសាងបណ្តាញមូលដ្ឋានសម្ងាត់របស់កងកម្លាំង ជំនាន់ទី២ និង៣- វគ្គបំប៉នជំនាញការពារគោលដៅ ជំនាន់ទី៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សូមគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ កសាងនិងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជូនសង្គមជាតិ។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ ដោយកំណត់ «មនុស្ស» ជាអាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលរួមកសាងមូលដ្ឋានគ្រឹះ សមិទ្ធផល និងការអភិវឌ្ឍជាច្រើនសម្រាប់ក្រសួងមហាផ្ទៃ ជាពិសេស ការយកចិត្តទុកដាក់លើការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកង កម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ។


ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន បណ្ឌិត្យសភាបាននិងកំពុងបន្តអនុវត្តភារកិច្ចរបស់ខ្លួនលើការងារបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ មន្ទីរពិសោធន៍ និងសារៈមន្ទីរនគរបាលជាតិ ស្របតាមកម្មវិធីកំណែទម្រង់និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកសាងមូលធនមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ វិន័យ និងអភិសមាចារ-ក្រមសីលធម៌។


ជាបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូលសម្រាប់ធានានិរន្តរភាពនៃការអភិវឌ្ឍអង្គភាពនិងការពង្រឹងសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងបរិបទនេះ ការរៀបចំវគ្គបំប៉នទាំងបីនាពេលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការនិងសំណូមពរជាក់ស្តែងរបស់អង្គភាពសាមី ដើម្បីបំពេញបន្ថែមនូវចំណេះដឹងថ្មីៗ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅតាមអង្គភាពនីមួយៗ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ ជាក់ស្តែង វគ្គទាំងបីនេះមានគោលដៅបំប៉នជំនាញសំខាន់ៗដែលមានលក្ខណៈខុសគ្នា ប៉ុន្តែ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 


ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មានជំនឿថា តាមរយៈការបណ្តុះបណ្តាលជំនាញទាំងបីនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងនិងបទពិសោធថ្មីៗ ព្រមទាំងអាចយកចំណេះដឹងទាំងនោះទៅអនុវត្តក្នុងការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ត្រូវយល់ថា ការបណ្តុះបណ្តាលមិនមែនគ្រាន់តែជាការចូលរួមវគ្គសិក្សាឱ្យបានចប់នោះទេ ប៉ុន្តែ ជាដំណើរការបង្កើនសមត្ថភាព កែប្រែឥរិយាបថការងារ និងពង្រឹងស្មារតីទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាពនិងប្រទេសជាតិ។


ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានណែនាំមួយចំនួនចំពោះសាលានិងសិក្ខាកាម ដូចខាងក្រោម៖

ចំពោះសាលា ត្រូវពិនិត្យតាមដានការបង្ហាត់បង្រៀនរបស់គ្រូជាប្រចាំ ដោយយកចិត្តទុកដាក់លើគុណភាពមេរៀន វិធីសាស្ត្របង្រៀន ការផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង និងការវាយតម្លៃលទ្ធផលសិក្សារបស់សិក្ខាកាម។ ត្រូវតាមដាននិងត្រួតពិនិត្យសកម្មភាពសិក្សារៀនសូត្រ និងការហ្វឹកហាត់ ព្រមទាំងគ្រប់គ្រងវត្តមានសិក្ខាកាមឱ្យបានម៉ឺងម៉ាត់។ 


ចំពោះសិក្ខាកាម ត្រូវចាត់ទុកការចូលរួមវគ្គបណ្តុះបណ្តាលនេះ ជាឱកាសដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ខ្លួននិងបង្កើនសមត្ថភាពវិជ្ជាជីវៈ។ ដូច្នេះ ត្រូវមានឆន្ទៈខ្ពស់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហាត់ និងស្វែងយល់ពីចំណេះដឹងថ្មីៗ ដោយមិនខ្លាចការលំបាក។ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងសម្រាប់សិក្ខាកាម ដែលកំណត់ដោយបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងគោរពបទបញ្ជានិងការណែនាំរបស់ថ្នាក់ដឹកនាំសាលា គណៈគ្រប់គ្រងវគ្គ និងគ្រូបង្រៀន។ 


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior