

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព។
ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ក្របខណ្ឌទូទាំងខេត្ត ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាពោធិ៍សាត់ ប្រមាណជាង២ពាន់នាក់ នាថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់។
ឯកឧត្តម បន្តថា ក្រោមម្លប់នៃសុខសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចជាតិ។ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំ ក្នុងគោលដៅពង្រឹងវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរឡើង ពិសេសក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ។
ឯកឧត្តម ខូយ រីដា បន្ថែមថា សម្រាប់ខេត្តពោធិ៍សាត់ ឯកឧត្តម បានប្តេជ្ញាចិត្តយកវិទ្យាល័យពោធិ៍សាត់ ដើម្បីឱ្យសម្រេចបានជាសាលារៀនគម្រូ នៅទូទាំងប្រទេស។ ជាក់ស្តែងយើងបានដឹងច្បាស់ហើយថា វិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលសាធារណៈជាច្រើនទៀត ត្រូវបានកែសម្រួល និងប្រែមុខប្រែមាត់ជាលំដាប់ ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម រយៈពេលជាង២ឆ្នាំមកនេះ។
ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់









