ខេត្តក្រចេះ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល បានអញ្ជើញក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងអង្គវេទិការ ទទួលបានបញ្ហាប្រឈម ទុក្ខកង្វល់ និងសំណូមពរ សំណើចំនួន០៨ករណី ដែលលើកឡើងពីសំណាក់ប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ដោយក្នុងនោះផ្តោតសំខាន់រួមមាន ៖ សុំផ្លូវ សាលារៀន អណ្តូងទឹក ប័ណ្ណ.ប.ស.ស និងបញ្ហាគ្រឿងញៀនជាដើម។ ក្នុងនោះដែរ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ត្រូវបានអាជ្ញាធរឃុំ បានធ្វើការពន្យល់បកស្រាយជូន និងនៅកន្លែង ដោយសំណើសំណូមពរទាំងនោះ គឺជាគម្រោងមូលនិធិឃុំ ដែលបាននឹងកំពុងដាក់សំណើអាទិភាពសម្រាប់ឆ្នាំ២០២៥នេះផងដែរ។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ មានសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខដុម និងសុខសាន្តរបស់ប្រជាពលរដ្ឋ និងស្នើឱ្យមានការចូលរួមសហការ និងរាយការពីប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីសហគមន៍មានសុខសុវត្ថិភាព ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ