logo
Header Logo
News Detail
thumbnail
ឯកឧត្តម ឃួង ស្រេង អញ្ជេីញចូលរួមពិធីបេីកបង្ហាញផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព”
155
03-Mar-2026
Sub-nation news
Link

ភ្នំពេញ៖​ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីបើកបង្ហាញជាផ្លូវការ​ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ដែលស្ថិតនៅសួនច្បារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា។ ផ្ទាំងគំនូរនេះមានទទឹង​ ៥ម៉ែត្របណ្ដោយ​ ៣៥ម៉ែត្រ ប្រើរយៈពេលនៃការបង្កើតឡើងចំនួន​ ១២ថ្ងៃ ដើម្បីបង្ហាញពីការឈឺចាប់ ការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខមុកម្និញ និងរឿងអយុត្តិធម៌រាប់មិនអស់ ក្នុងភ្លើងសង្គ្រាមជាមួយថៃនៅក្នុងឆ្នាំ២០២៥ មកលើកម្ពុជា។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៌ថា ផ្ទាំងគំនូរដែលរៀបចំឡើងនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពដ៏សាហាវយង់ឃ្នង អសីលធម៌ អមនុស្សធម៌ អគុណធម៌​ និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលប្រើប្រាស់នូវផ្សែងពុល បាញ់ផ្លោងគ្រឿងសព្វាវុធធុនធ្ងន់​ និងគ្រឿងសព្វាវុធហាមឃាត់ជាច្រើនប្រភេទ ជាពិសេសបានប្រើប្រាស់យន្តហោះF16​និងT50ហោះចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា​ និងបានបាញ់ប្រហារយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើននាក់បាត់បង់ជីវិត​ និងរងរបួស ព្រមទាំងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម លំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា​ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ទីលំនៅ​ និងកុមាររាប់ម៉ឺននាក់ ខកខានមិនបានសិក្សារៀនសូត្រ។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា​ ផ្ទាំងគំនូរខាងលើនេះក៏បានបង្ហាញឱ្យឃើញច្បាស់ពីខឿនការពារជាតិដ៏រឹងមាំ ដែលកើតចេញពីសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរនិងគ្រប់ស្រទាប់វណ្ណៈតាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី​ និងដែលអធិបតេយ្យជាតិ នៅខ្សែបន្ទាន់ព្រំដែនពីទង្វើ យោធាថៃ។

 

ក្នុងឱកាសនោះដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” នេះជាផ្ទាំងគំនូរទី២ បន្ទាប់ពីសម្រេចបានផ្ទាំងគំនូរទី១ នៅខេត្តសៀមរាប។​ ដែលគិតមកដល់ថ្ងៃនេះ មិនបាន២សប្តាហ៍ផង យើងសម្រេចបានលទ្ធផល ដែលជាអ្វីមាននៅក្នុងអារម្មណ៍របស់ខ្លួន។​ ផ្ទាំងគំនូរបានឆ្លុះបញ្ចាំងពីស្មារតី ការឈឺចាប់ អ្វីដែលជាទុក្ខវេទនា​ និងកំហឹង ដែលយើងបានជួបប្រទះទាំងអស់គ្នានៅក្នុងឆ្នាំ២០២៥។​ ផ្ទាំងគំនូរនេះគ្រប់រូបភាពទាំងអស់ វាស្ថិតនៅក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មិនថានៅក្នុង​ និងនៅក្រៅប្រទេស។ យើងឆ្លងកាត់នូវការឈឺចាប់ យើងឆ្លងកាត់នូវការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខបុកម្និញ និងរឿងអយុត្តិធម៌ដែលបានកើតឡើងមកលើយើងរាប់មិនអស់នៅក្នុងឆ្នាំ២០២៥ អារម្មណ៍របស់យើងមិនខុសគ្នាទេ។ អារម្មណ៍យើងសោគសៅបែបណា បានដាក់នៅលើផ្ទាំងគំនូរនេះទាំងអស់ ដែលបានឆ្លុះបញ្ជាំងពីអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់។

 ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀតថា ផ្ទាំងគំនូរ មិនថានៅខេត្តសៀមរាបនិងនៅរាជធានីភ្នំពេញ ជាផ្ទាំងគំនូរនាំមកនូវភាពជួបជុំ សាមគ្គីនិងស្មារតីជាតិ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់នូវពាក្យមួយឃ្លាថា«ខឿនការពារជាតិប្រជាជន»អ្វីដែលយើងត្រូវការចាំបាច់គឺការរួបរួម។​ ផ្ទាំងគំនូរ មិនមែនគ្រាន់តែជាផ្ទាំងគំនូរ ដើម្បីទុកតាំង មកមើលឃើញ ពីស្នាដៃនៃវិចិត្រករទេ តែវាជាការឆ្លុះបញ្ចាំងពីស្មារតី​ និងមនោសញ្ចេតនា ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ទិសទីទាំងប្រជាពលរដ្ឋនៅក្រៅប្រទេស បើចង់មកលេងស្រុកកំណើត សូមមកទស្សនាផ្ទាំងគំនូរនេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ផ្ទាំងគំនូរនេះ មិនមានបំណង រៀបចំឡើងដើម្បីបញ្ឆេះកំហឹង ការចងគំនុំ និងការសងសឹកណាមួយចំពោះប្រទេសជិតខាងណាមួយនោះទេ។​ អ្វីជាការឆ្លុះបញ្ចាំងនៃផ្ទាំងគំនូរនេះ គឺអ្វីដែលជាសច្ចៈធម៌ ដែលកើតឡើងពីសង្គ្រាម នាំមកនូវវិនាសកម្ម ការបាត់បង់ ការខ្ទេចខ្ទាំ គ្រប់ទិដ្ឋភាពទាំងអស់។ 


ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior