

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលសាលាក្រុងពោធិ៍សាត់បានបើកកិច្ចប្រជុំត្រួតពិនិត្យតាមដាននិងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធានលេខាធិការដ្ឋានព្រមទាំងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង សុីថា ស្នងការរងនិងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងទទួលទិសក្រុងពោធិ៍សាត់លោកវរសេនីយ៍ឯក ហែម មុន្នី ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យសរុបផែនការ លោកអភិបាល អភិបាលរងក្រុងពោធិ៍សាត់ លោកអធិការនគរបាលក្រុងពោធិ៍សាត់ លោក លោកស្រី ចៅសង្កាត់ លោកនាយ នាយរងប៉ុស្តិ៍និងមន្ត្រីដែលពាកព័ន្ធចូលរួមជាច្រើនរូបទៀតផងដែរ។
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអានរបាយការណ៍លទ្ធផលការអនុវត្តការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ នៅក្រុងពោធិ៍សាត់ និងបានរំលេចចេញនៅគោលដៅប្រឈមសំខាន់ៗនៃមូលដ្ឋាននីមួយៗ ទីតាំងបម្រើសេវាកំសាន្តកោសជប់ម៉ាស្សានិងទីតាំងបន្ទប់ជួលផ្ទះសំណាក់នៅក្នុងក្រុងពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា អនុប្រធាន
អចិន្រៃ្តយ៍លេខាធិការដ្ឋានបានមានប្រសាសន៍ថាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបង្កើនយកចិត្តទុកដាក់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពទទួលបានលទ្ធផលល្អ សំដៅលើការងារ ប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំទទួលបានចំណាត់ថ្នាក់និងត្រូវពង្រឹងបន្តការអនុវត្តការងារនគរបាលនិងសហគមន៍ជំរុញចលនាប្រជាការពារកសាងកម្លាំងជម្រុញប្រជាពលរដ្ឋចូលរួមឲ្យឃ្លាវខ្លាក្នុងការផ្តល់ព័ត៌មានរាយការណ៍ជូនសមត្ថកិច្ចលើរាល់សកម្មភាពបទល្មើស និងសភាពការណ៍នៅភូមិឋានរបស់ពួកគាត់។
លោក ពៅ ពិសិដ្ឋ ប្រធានលេខាធិការដ្ឋានបានមានប្រសាសន៍ថា ដើម្បីឱ្យសហគមន៍យើងមានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថានល្អស្អាត ធនធានធម្មជាតិ និងអនាម័យ ប្រជាពលរដ្ឋទទួលបានការផ្តល់សេវានានា ប្រកបដោយគុណភាព តម្លាភាពនិងរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាពសុខដុមរមនាលោកចៅសង្កាត់ ត្រូវពង្រឹងនិងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងការអនុវត្តន៍ ការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នឹងមានតួនាទីទទួលខុសត្រូវលើសន្តិសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលក្រុង លោកចៅសង្កាត់ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខ បងប្អូនប្រជាការពារនិងបងប្អូនប្រជាពលរដ្ឋល្អ និងត្រូវមានការដឹកនាំពីលោកចៅសង្កាត់ លោកនាយ នាយរងប៉ុស្តិ៍ ក្នុងការអនុវត្តការងាររបស់ប្រជាការពារដើម្បីធានាបានប្រសិទ្ធភាពទន្ទឹមនេះសូមខិតខំគៀងគរ ប្រមូលមូលនិធិ ចូលរួមពីសប្បុរសជនដើម្បីជាទុនសម្រាប់សម្របសម្រួល ឧបត្ថម្ភជូនប្រជាការពារក្នុងគ្រាអាសន្នម្តងៗ ប៉ុស្តិ៍នគរបាលត្រូវពង្រឹងការងារគ្រប់គ្រងមនុស្សគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រងមធ្យោបាយនិងគ្រប់គ្រងអាជីវកម្មមុខរបរពិសេស បម្រើដល់សកម្មភាពបទល្មើស ត្រូវបង្កើតតារាងត្រួតពិនិត្យ បទល្មើស រៀបចំផែនការសកម្មភាពដើរល្បាត បង្ការទប់ស្កាត់ ការកើតឡើងនៃបទល្មើសឱ្យបានច្បាស់លាស់។
ប្រភព៖ ស្នងការនគរបាលខេត្តពោធិ៍សាត់










