

នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលមានការអញ្ជេីញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំ សមាជិក លេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំខេត្តឧត្ដរមានជ័យ នាទីស្ដីការក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. ធ្វើសេចក្ដីរាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់ គ.ប.ផ.ក. រួចមក ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គភាពមួយចំនួន ក៏បានធ្វើសេចក្ដីរាយការណ៍លទ្ធផលសង្ខេបលើការងារ បង្កា ទប់ស្កាត់ បង្ក្រាបផលិតផលខុសច្បាប់ និងផលិតផលក្លែងក្លាយ ដើម្បីជាធាតុចូលក្នុងការវិភាគ និងពិភាក្សា ឈានទៅការកសាងផែនការសកម្មភាពការងាររបស់ គ.ប.ផ.ក. ទាំងយុទ្ធសាស្រ្ត គោលនយោបាយ តាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា សម្រាប់ឆ្នាំ២០២៦ ក៏ដូចបណ្ដាឆ្នាំបន្តបន្ទាប់សម្រាប់រយៈពេលវែង ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។
ឯកឧត្តម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. ក៏ដូចថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក. ទាំងអស់ អនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីនៅជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ក្នុងនាមប្រធាន គ.ប.ផ.ក. ជានិច្ចកាលទទួលបានការចង្អុលបង្ហាញ និងតម្រង់ទិសពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំបន្ថែម និងការផ្តល់កិច្ចសហការល្អ ពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ បានសម្រេចនូវលទ្ធផលការងារលេចធ្លោ ក្នុងឆ្នាំ២០២៥នេះ។
ក្រោយកិច្ចពិភាក្សាយ៉ាងផុសផុលរួចមក ឯកឧត្តម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានសំណូមពរ និងជំរុញគ្រប់ក្រសួងស្ថាប័ន គ្រប់តួអង្គពាក់ព័ន្ធទាំងអស់បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈម សហការឱ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីរួមគ្នាបង្កា ទប់ស្កាត់ លុបបំបាត់ ការនាំចូល ការនាំចេញ ការផលិត ការចរាចរ និងការលក់ ផលិតផលក្លែងក្លាយនិងខុសច្បាប់។ បន្តជំរុញកិច្ចសហការជាមួយអង្គការ សមាគម ដៃគូអភិវឌ្ឍនានា ក៏ដូចជាវិស័យឯកជន ចូលរួមនិងគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, ជំរុញការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់សាធារណជនទូទៅ រួមទាំងអាជីវករ ពាណិជ្ជករ ។ល។ តាមគ្រប់រូបភាព សម្ដៅធ្វើយ៉ាងណាចូលរួមធានាសុខមាលភាពជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕









