ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក រឿង ក្វាង បាក់ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឱកាសដែលលោកវរសេនីយ៍ឯក ទើបតែងតាំងថ្មី នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី៨ ខែមេសាឆ្នាំ២០២៥ ។
ក្នុងកិច្ចជំនួបសម្តែងការគួរសមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការសាទរចំពោះលោកវរសេនីយ៍ឯក ដែលទទួលមុខតំណែងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ។
នាឱកាសនោះដែរ លោកវរសេនីយ៍ឯក រឿង ក្វាង បាក់ បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលជានិច្ចកាលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជាក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងពេលកន្លងមក។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយជារួមរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាមផងដែរ។
មុននឹងបញ្ចប់ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមមាននូវសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តកិច្ចសហប្រតិបត្តការឱ្យបានគង់វង្សនិងយូរអង្វែងថែមទៀត ។