

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក ប៊ី សុភាព ជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ជំនួសលោក ម៉ិល សុផល ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំត្រូវបន្តពង្រឹងរួបរួមសាមគ្គីគ្នាជាធ្លុងដឹកនាំអភិវឌ្ឍន៍ស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនបន្ថែមលើគ្រប់វិស័យ។
ឯកឧត្តម បានស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពបំផុត។ជាមួយគ្នានោះ ឯកឧត្តម បញ្ជាឱ្យអាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញស្រាវជ្រាវរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទកន្លងមកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។
ឯកឧត្តម ក៏បានក្រើនរំឭកដល់អាជ្ញាធរត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលផលប៉ះពាល់នៃការនេសាទខុសច្បាប់ និងប្រគល់ឧបករណ៍នេសាទជូនដល់អាជ្ញាធរមានសមត្ថកិច្ចសំដៅរួមគ្នាលុបបំបាត់ការនេសាទខុសច្បាប់រក្សាធនធានមច្ឆាជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងសហគមន៍ជាពិសេសតំបន់ជាប់បឹងទន្លេសាប ព្រមទាំងបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់លោកអភិបាលស្រុកថ្មី ឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍ និងលើកស្ទួយផលិតផលសក្តានុពលប្រចាំតំបន់ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក ម៉ិល សុផល ដែលកន្លងមកលោកបានខិតខំបំពេញតួនាទីភារកិច្ច និងរួមចំណែកក្នុងការដឹកនាំអភិវឌ្ឍន៍ស្រុកឯកភ្នំ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោក ប៊ី សុភាព ត្រូវបន្តដឹកនាំរដ្ឋបាលស្រុកដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង








