

កណ្ដាល ៖ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញរដ្ឋបាលខេត្តកណ្ដាល ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ និងក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន។
ការជំរុញរបស់ ឯកឧត្តម អង មង្គល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ នៅខេត្តកណ្ដាល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ និងកងកម្លាពាក់ព័ន្ធ ត្រូវបន្តខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើគ្រួសារកងទ័ព ដោយផ្តល់ការលើកទឹកចិត្តផ្នែកស្មារតីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែន។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាព និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ ដោយត្រូវពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដើម្បីឱ្យបេក្ខជនអាចធ្វើដំណើរទៅមណ្ឌលប្រឡងបានទាន់ពេលវេលា ត្រូវខិតខំធ្វើយ៉ាងណាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន។
ទាក់ទងនឹងបញ្ហាជំងឺគ្រុនឈាម ឯកឧត្តម អភិបាល បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយសុខាភិបាល ក្នុងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ ការបាញ់ថ្នាំកម្ចាត់មូស និងការប្រុងប្រយ័ត្នចំពោះរោគសញ្ញាជំងឺគ្រុនឈាម នៅពេលដែលសង្ស័យថាបានឆ្លងជំងឺនេះ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ ដោយសារបច្ចុប្បន្នជារដូវវស្សា ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះការលង់ទឹក និងត្រៀមផែនការសង្គ្រោះបន្ទាន់ ក្នុងករណីកើតមានទឹកជំនន់កើតឡើង។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តម រដ្ឋលេខាធិការ ថែមទាំងបានជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។
បើយោងតាមលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឆមាសទី១ ប្រចាំឆ្នាំ២០២៦ ៖ចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកគ្រប់អាយុថ្មី បំពេញបែបបទបាន ១២៧៥១ នាក់ (៥៨,៨៩%) និងបានចែកជូន ៩៤៩៨ សន្លឹក។ សម្រាប់អ្នកអស់សុពលភាព បានបំពេញបែបបទថ្មីចំនួន ១៣៥៤៨៥ នាក់ និងចែកជូនទុតិយតាគំរូថ្មីបាន ៨៧៧៦៧ សន្លឹក។ ចំពោះព្រះសង្ឃ បានបំពេញបែបបទប្រគេនចំនួន ២៥៣ អង្គ ក្នុងចំណោមព្រះសង្ឃសរុប ៣ ៦៨១ អង្គ។ សៀវភៅស្នាក់នៅ (ក២) ត្រូវបានផ្តល់ជូនចំនួន ៦៧៧២ គ្រួសារ (ផ្តល់ថ្មី ៤០៦៧ និងទុតិយតា ២៧១២ គ្រួសារ) ។ ចំណែកសៀវភៅគ្រួសារ (ក៤) ត្រូវបានផ្តល់ជូនចំនួន ២៥៣៤ គ្រួសារ (ផ្តល់ថ្មី ១ ៨១១ និងទុតិយតា ៧២៣ គ្រួសារ)។ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ទទួលបានការស្នើសុំសេវាចំនួន ២៩៦០០ សេវា ។ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល បានចេញលិខិតអនុញ្ញាតបង្កើតរោងសន្និធិលក់អនុផលព្រៃឈើ ១១កន្លែង និងរោងសិប្បកម្មកែច្នៃ ១១ កន្លែង៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល










