ប៉ៃលិន៖ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោសេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណងដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិនិងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេង របស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនាបន្សល់ទុកនូវគំរូវីរភាពដ៏ឧត្ដុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានថ្លែងកោតសរសើរចំពោះវីរភាពដ៏ អង់អាចក្លាហានរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់រួបរួមសាមគ្គីភាពបានយ៉ាងល្អនិងបង្កើតបាននូវស្នាដៃ និងសមិទ្ធផលនានា ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ។
លោកស្នងការ សូមឱ្យបន្តនូវស្មារតី និងឆន្ទៈរបស់ខ្លួនក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងបម្រើសេវាប្រពលរដ្ឋក៏ដូចជាប្តេជ្ញាយ៉ាងមុះមុតក្នុងការ ការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលស្របច្បាប់បាវចនាជាតិ រដ្ឋធម្មនុញ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន