

ពោធិ៍សាត់៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាគ្រប់គ្រាន់ក្នុងបន្ទប់ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា ស្ថិតក្នុងសាលាបឋមសិក្សារាំងទិល ភូមិរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក Dato’ Sean អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy, ថ្នាក់ដឹកនាំមន្ទីរអង្គភាព, អាជ្ញាធរដែនដី, ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើន។
ក្នុងពិធីដ៏ឱឡារិកនោះ ក៏មានកម្មវិធីបំពាក់មេដាយ ប្រគល់បណ្ណសរសើរជូនដល់សប្បុរសជន ការប្រគល់អំណោយដល់បងប្អូនប្រជានេសាទដែលបានចូលរួម កម្មវិធីដាំដើមឈើ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់










