logo
Header Logo
News Detail
thumbnail
ក្រសួងមហាផ្ទៃកម្ពុជា និងរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
213
23-Sep-2026
National news
Link

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។


ពិធីចុះហត្ថលេខា ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ រវាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។


នាឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតមាំ និងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ការបណ្តេញចេញ និងចាកចេញរបស់ជនបរទេស ដែលបើគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាង ៥០.០០០នាក់ ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ស្រីលង្កា និងបង់ក្លាដេស។


ចំពោះការអនុវត្តច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿង និងបុគ្គលពាក់ព័ន្ធប្រមាណ ២.២០០នាក់ ទៅកាន់តុលាការ និងកំពុងរៀបចំរឿងក្តីបន្ថែមទៀត។


ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ តទៅ កម្ពុជានឹង មិនអនុញ្ញាតឱ្យមានការធ្វើកាស៊ីណូអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) នៅតាមកាស៊ីណូទៀតឡើយ។ ឯកឧត្តម Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសលើការប្តេជ្ញាចិត្តខ្ពស់ និងវិធានការក្តៅក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការខិតខំរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


ឯកឧត្តមបានបញ្ជាក់ថា រាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ចាត់ទុកកម្ពុជាជា ដៃគូសហការដ៏សំខាន់ ក្នុងតំបន់ និងបានត្រៀមខ្លួនចែករំលែកបទពិសោធ ការអនុវត្តល្អៗ និងកិច្ចសហការជិតស្និទ្ធជាមួយកម្ពុជានាពេលអនាគត។ ឯកឧត្តមបានចាត់ទុក ការចុះហត្ថលេខាលើ MoU នាពេលនេះ ថាមិនត្រឹមតែជា ជំហានប្រវត្តិសាស្ត្រថ្មី ក្នុងទំនាក់ទំនងរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងច្បាស់ទៅកាន់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាថា កម្ពុជាមិនមែនជាដែនជម្រកសុវត្ថិភាពសម្រាប់សកម្មភាពខុសច្បាប់ឡើយ។


អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកំណត់ពីការបង្កើតក្រុមការងារពិសេស (Task Force) ដែលនឹងបន្ថែមលើក្រុមការងារ Task Force ដែលកម្ពុជាមានស្រាប់ជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសម្រួលដល់ការផ្តល់ព័ត៌មានសម្ងាត់ទៅវិញទៅមក ការផ្លាស់ប្តូរទិន្នន័យបទល្មើស ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ស៊ើបអង្កេត ស្វែងរកប្រភពដើមនៃបទល្មើស ការទប់ស្កាត់ការលាងលុយ និងការដកហូតទ្រព្យសម្បត្តិដែលបានមកពីការឆបោក ព្រមទាំងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជន៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior