

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុកបាកាន និងឃុំស្នាមព្រះ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥ ក្នុងមូលដ្ឋានឃុំស្នាមព្រះ នៃស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើង។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវខាងលើ (ចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥ ក្នុងមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់) ដើម្បីយកជាគំរូ សម្រាប់ការអនុវត្តតាមដងផ្លូវនានាក្នុងខេត្តពោធិ៍សាត់៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់






