ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងប្រគល់ភារកិច្ចជូនអធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ និងមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យបុគ្គលិក លោកអធិការ-អធិការរង និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់លើការបម្រើប្រជាពលរដ្ឋ ពិសេសលើសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ បន្ថែមលើនោះផងដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ទៀតថា មន្រ្តីនគរបាលគ្រប់រូបត្រូវតែប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗបន្ថែមទៀតទាក់ទងនិងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប