

គួរបញ្ជាក់ដែរថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ គឺថ្ងៃនេះហើយដែលប្រជារាស្ត្រខ្មែរ គ្រប់រូបបានសម្តែងឆន្ទៈនិងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ៕
