

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ខេត្តកំពង់ចាម ទទួលបានភ្លើងបំភ្លឺផ្លូវសាធារណៈ ជុំ ទី១ចំនួន២កន្លែង លើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីរង្វង់ មូលស្គន់ដល់ព្រំប្រទល់ខេត្តកំពង់ធំ និងផ្លូវជាតិ លេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម។
ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែល ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈ នៃ ការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុង ការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់ រវៀងរដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំង២ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









