ពោធិ៍សាត់៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញបើកការដ្ឋានស្តារប្រព័ន្ធស្រោចស្រពអូរយាយហុកនិងសាងសង់សំណង់សិល្បកា (ជំហាន១) ដែលជាអតីតអូរចាស់ទទួលទឹកពីតំបន់ភ្នំនិងតភ្ជាប់ទៅនឹងក្បាលស្ទឹងស្វាយដូនកែវ ស្ថិតក្នុងភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា ប្រព័ន្ធស្រោចស្រពអូរយាយហុក ជាអូរចាស់ទទួលទឹកពីតំបន់ភ្នំ និងតភ្ជាប់ទៅនឹងក្បាលស្ទឹងស្វាយដូនកែវ ត្រង់ចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ប្រព័ន្ធស្រោចស្រពនេះ ជាប្រព័ន្ធមានស្រាប់និងជាគន្លងចាស់សម្រាប់ដោះទឹក ពីបណ្តាភូមិក្នុងឃុំតាលោជាពិសេសនៅឆ្នាំ២០២៣ ត្រូវបានដោះទឹកជំនន់ ដែលលិចលង់មកពីតំបន់បឹងស្តុកនិងតំបន់ភ្នំខាងលើ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពអូរយាយហុក ដែលត្រូវបើកការដ្ឋាននាពេលនេះរួមមាន៖ ស្តារអូរប្រវែង៤គីឡូម៉ែត្រ (ជំហាន១)សាង់សង់សំណង់លូរំដោះទឹកចំនួន៧កន្លែង សាងសង់លូចម្លងលើអូរ ចំនួន២កន្លែង សាងសង់សំណង់លូយកទឹកលើភ្លឺអូរ ចំនួន៤កន្លែង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរ (ទ្វារ) ចំនួន៣កន្លែង។
លោក កែវ វ័យ បន្តថាប្រព័ន្ធស្រោចស្រពអូរយាយហុក បានបម្រើសការស្រោចស្រពស្រូវវស្សាចំនួន១,០៣១ហិកតា ស្រូវប្រាំងចំនួន៦០០ហិកតា និងដំណាំរួមផ្សំ ចំនួន២៥ហិកតា ដែលគិតជាភាគរយពលរដ្ឋធ្វើកសិកម្ម ប្រមាណ៩០% លើ៦ភូមិ និងមានប្រជាជនសរុបចំនួន២,០៤២គ្រួសារ ស្នើនឹង៥,០៤៧នាក់។
លោកប្រធានមន្ទីរបានបន្ថែមទៀតថាក្នុងឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងដោយបានការចូលរួមសហការពីអាជ្ញាធរដែនដី អង្គការជាតិ និងអន្តរជាតិ បានស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួនដែលប្រឈមខ្លាំងនិងខូចខាតដោយគ្រោះធម្មជាតិរួមមាន ជួសជុលនិងសាងសង់សំណង់សិល្បកាទំនប់អាងទឹកអ្នកតាធំ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ សាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែក (ជំហាន២) ក្នុងឃុំកញ្ជរ ស្រុកកណ្តៀងនិងសាងសង់ទំនប់អាងទឹក លេខ២ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណជិត៩០០លានម៉ែត្រគូប។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់គម្រោង ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការ នៃការស្តារប្រព័ន្ធស្រោចស្រពអូរយាយហុក ប្រឡាយមួយខ្សែនេះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំហើយប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទ។
លោកបានបន្ថែមថាការអភិវឌ្ឍន៍ទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាព ឱ្យបានគង់វង្សយូរអង្វែង បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍នោះដែរ ឯកឧត្តម បានផ្តាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន សូមយកចិត្តទុកដាក់អនុវត្ត ឱ្យបានស្របតាមបទដ្ឋានបច្ចេកទេសធានាគុណភាពនិងមានសោភ័ណភាព ព្រមទាំងគោរពឱ្យបាន នូវពេលវេលាកំណត់ហើយអាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនក្នុងការត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវនូវទំហំប្រវែងដែលបានចុះកិច្ចសន្យា។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់