logo
Header Logo
News Detail
thumbnail
មកស្វែងយល់ពីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបានឬទេ
2K
09-Jan-2025
National news
Link

យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋនៃមូលដ្ឋានរបស់ខ្លួន។ ក្រុមប្រឹក្សា មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង។ 


ផ្អែកតាមច្បាប់ដដែល ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ ចំណែកឯការដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សាត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយឬភាគីទាំងសងខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សាដែលភាគីនោះស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ លើកឡើងថា ច្បាប់ក៏បានតម្រូវឱ្យក្រុមប្រឹក្សាសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ដោយផ្អែកតាមលក្ខណៈដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទទាំងសងខាង។ ក្នុងករណីភាគីណាមួយក្នុងវិវាទមិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយ ក្រុមប្រឹក្សាត្រូវណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយវិវាទនោះ។ 


ឯកឧត្តមបណ្ឌិត បន្តថា ក្នុងករណីមានសំណូមពរ ឬការតវ៉ានានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬការតវ៉ានោះឱ្យបានសមស្រប។ ម្យ៉ាងទៀតក្នុងករណីមានសំណូមពរ ឬការតវ៉ា ក្រុមប្រឹក្សាត្រូវចាត់វិធានការដោះស្រាយ រួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។ និងករណីមានសំណូម ឬការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬក្រុមប្រឹក្សាដែលពាក់ព័ន្ធដើម្បីដោះស្រាយ។ 


យ៉ាងណាក៏ដោយ បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សាមិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធករណីរួមមាន៖ 

១.ការលែងលះ 

២.អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋ ឬមជ្ឈិម 

៣.បទល្មើសឧក្រិដ្ឋ ឬមជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ ៤.វិវាទដែលកំពុងដោះស្រាយដោយតុលាការ ឬដែលមានសេចក្ដីសម្រេចពីតុលាការ 

៥.វិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ ។ ចំពោះនីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋានត្រូវផ្អែកតាមច្បាប់ ឬអនុក្រឹត្យ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សា រួមទាំងការទទួលសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន។ គួររម្លឹកថាក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិចំនួន៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥៕


ដោយ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior