

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ដែលជាទីទួលប្រវត្តិសាស្ត្រ ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
«ទួលពោធិ៍ជ្រៃ» គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលជានិមិត្តរូបនៃការចងចាំ និងជាកន្លែងគោរពបូជាចំពោះដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការចុះពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត នាឱកាសនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការថែរក្សា អភិរក្ស និងរៀបចំតំបន់ប្រវត្តិសាស្ត្រនេះ ទុកជាការចងចាំសម្រាប់យុវជនជំនាន់ក្រោយ។
បន្ទាប់ពីបានបញ្ចប់ការចុះពិនិត្យទីទួលប្រវត្តិសាស្ត្រខាងលើ ឯកឧត្តម ខូយ រីដា ក៏បានបន្តដំណើរអញ្ជើញទៅកាន់បរិវេណទន្លេអុំ ស្ថិតក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្ដៀង ដើម្បីបង្អាត់បង្ហាញអំពីបច្ចេកទេសនៃការកាត់តែងមែកឈើ ជូនដល់រដ្ឋបាលឃុំស្រែស្តុក។
ក្នុងសកម្មភាពនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងបង្ហាញពីវិធីសាស្ត្រកាត់តែងមែកដើមក្ងោក និងដើមផ្កាចារ ឱ្យមានទម្រង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកាត់តែងមែកឈើនេះ មិនត្រឹមតែជួយឱ្យដើមឈើមានការលូតលាស់ល្អ ប៉ុន្តែវាថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភណភាព និងបរិស្ថានបៃតងជុំវិញតំបន់ទន្លេអុំ ឱ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ សម្រាប់បម្រើដល់ការលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់







