

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមអបអរសាទរក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ (១៩៥៣-២០២៥) ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងព្រះសង្ឃ យ៉ាងច្រើនកុះករផងដែរ ។
ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាថ្ងៃមួយដែលប្រជាពលរដ្ឋខ្មែរទូទៅចងចាំមិនភ្លេចទេនូវ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្តរបស់ព្រះករុណាមហាវីរក្សត្រព្រះបាទ សម្ដេច នរោត្ដម សីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទាមទារឯករាជ្យពីអាណានិគមបារាំងក្នុងឆ្នាំ១៩៥៣។យើងរួមគ្នាថែរក្សាសុខសន្តិភាព និងចងចាំនូវគុណតម្លៃនៃថ្ងៃទី ០៩ វិច្ឆិកា ដែលព្រះបាទ នរោត្ដម សីហនុ ទ្រង់ខិតខំលះបង់អាយុជីវិត និងកម្លាំងកាយចិត្ត ដើម្បីទាមទារឯករាជ្យជូនកម្ពុជាវិញ និងបានដឹកនាំកម្ពុជាឆ្ពោះទៅរកការរីចម្រើនបន្តទៀត។
ប្រទេសមួយមានការរីកចម្រើន មានសិទ្ធិសេរីភាព ដើរហើរដូច្នេះ គឺមានមោនទភាពណាស់ចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេសដែលមានសិទ្ធិសព្វបែបយ៉ាង ក្នុងវិស័យពុទ្ធិចក្រ និងអាណាចក្រ ហើយរួមគ្នាថែរក្សានូវអ្វីដែលមានស្រាប់កុំឱ្យបាត់បង់ ជាពិសេសរក្សានូវសមិទ្ធផលជាច្រើនដែលមាន និងកំពុងបន្តបង្កើតថ្មីៗបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាព៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង









