

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី១៣ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុម មករា និងលោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូន ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម នាយករង និងមន្ត្រី ជាច្រេីនរូបទៀតផងដែរ។
សូមជម្រាបជូនដែរថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សមត្ថភាព ក្នុងការយល់ដឹង និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតដែលកំពុងមានសារៈសំខាន់ក្នុងការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ការវិភាគព័ត៌មាន និងការកែលម្អប្រសិទ្ធភាពការងារប្រចាំថ្ងៃ។
លើសពីនេះ វគ្គបណ្តុះបណ្តាលនេះក៏នឹងផ្តល់ចំណេះដឹងមូលដ្ឋានអំពី AI បន្ថែម និងការប្រើប្រាស់ជាក់ស្តែង បង្កើនសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ឧបករណ៍ AI សម្រាប់ការងាររដ្ឋបាល និងការងារជំនាញ ជំរុញការច្នៃប្រឌិត និងការងារឆ្លាតវៃក្នុងអង្គភាពលើកកម្ពស់ គុណភាព ល្បឿន និងប្រសិទ្ធភាពការងារបណ្តុះស្មារតីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវ។
ជាមួយគ្នាដែរ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានសម្តែងនូវការពេញចិត្តទៅលើការរៀនសូត្រនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនិងបច្ចេកវិទ្យានេះ។ ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមទៀតថា នឹងបន្តរៀនសូត្របន្ថែមទៀតទៅលេីរបបគំហើញថ្មីៗ ពិសេសលើកាងារបច្ចេកវិទ្យា AI នេះដើម្បីបង្កើតសមត្ថភាពក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ







