logo
Header Logo
News Detail
thumbnail
៤ខែមកនេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្តល់សេវាជូនពលរដ្ឋជាង២៧ម៉ឺនសេវា ខណៈយន្តការនេះកំពុងល្បីដល់ប្រទេសផ្សេង
108
12-May-2026
National news
Link

ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។


បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៩៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។


ជាមួយគ្នានេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានចំណូលសរុបចំនួន ៥៤.៤៥០.០០០រៀល។


គួររម្លឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត។ សេវានេះ ក៏អាចស្នើសុំតាមប្រតិបត្តិការជាមួយអេប(APP)គណនីធនាគារបានដែរ។


ការធ្វើទំនើបកម្មនេះ គឺសំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីនៃយន្តការច្រកចេញចូលតែមួយ។


ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ជាសមិទ្ធផលយុទ្ធសាស្ត្រថ្មីមួយទៀត ដើរតាមលំនាំថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីឈានទៅសម្រេចបាននូវ រដ្ឋាភិបាលឌីជីថល ពេញលក្ខណៈ។


ជាការកត់សម្គាល់ ជោគជ័យនៃយន្តការច្រកចេញចូលតែមួយ និងការធ្វើទំនើបកម្មសេវាសាធារណតាមប្រព័ន្ធឌីជីថលនេះ បានក្លាយជាគំរូដ៏ទាក់ទាញសម្រាប់តំបន់ ដែលក្នុងនោះប្រទេសទីម័រឡេស្តេ បានកំពុងដកស្រង់បទពិសោធជាក់ស្តែងពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាព៕


ប្រភព៖ មន្ត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ 

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior