logo
Header Logo
News Detail
thumbnail
លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦
51
22-Jul-2026
Social Security News
Link

‎ពោធិ៍សាត់៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

‎ក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានលើកឡើងនូវចំណុចសំខាន់ៗសម្រាប់ពង្រឹងប្រសិទ្ធភាពការងារនាពេលខាងមុខ ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការតម្លើង និងធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញា បញ្ជីគ្រប់គ្រងទណ្ឌិត ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តធ្វើការអប់រំ និងផ្សព្វផ្សាយដល់អាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ ឱ្យចូលរួមទប់ស្កាត់ និងគ្រប់គ្រងបញ្ហាក្មេងទំនើង តាមរយៈការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃអំពើហិង្សា និងការប្រព្រឹត្តបទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។


‎ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស ថេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់ផ្នែក ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ក្នុងខែកន្លងមក។ ទន្ទឹមនឹងនេះ លោកបានដាក់ចេញនូវទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដោយតម្រូវឱ្យគ្រប់អង្គភាពបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

‎ជាចុងក្រោយ លោកស្នងការបានក្រើនរំលឹកដល់កងកម្លាំងនគរបាលគ្រប់រូប ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានកម្លាំងមាំមួន សម្រាប់បំពេញភារកិច្ចជូនអង្គភាព និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior