ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយច្បាប់ នៃគ្រឿងញៀន ដល់សិស្សានុសិស្ស នៅវិទ្យាល័យកំពង់ធំ ។ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងលោកគ្រូ អ្នកគ្រូ ដែលបានផ្ដល់កិត្តិយស ដល់រូបលោក និងសហការី ចុះផ្សព្វផ្សាយអំពី ច្បាប់ ឥទ្ធិពល គ្រោះថ្នាក់ផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីចែករំលែកចំណេះដឹងបានមកពីការបំពេញភារកិច្ច នាពេលកន្លងមក ។ ក្នុងនោះដែរ លោក បន្តបញ្ជាក់ថា គ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉នស្មារតី ឱ្យក្មេងជាងវ័យនោះទេ គ្រឿងញៀន គឺបំផ្លាញសុខភាពទ្រព្យសម្បត្តិ អាយុ ជីវិត ផ្ដល់ផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយអ្នកញៀនគ្រឿងញៀនឈានទៅប្រព្រឹត្តបទល្មើសនានាដែលសង្គមស្អប់ខ្ពើមផងដែរ។
ជាមួយគ្នានោះដែរ លោក ងួន ហ៊ាង ផ្តាំផ្ញើដល់ប្អូនៗ៖
១.ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី យុវជនបន្តវេន ដើម្បីអនាគតភ្លឺស្វាង ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ច បើឃើញមានបទល្មើសគ្រឿងញៀន ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន បង្ក្រាបបានទាន់ពេលវេលា
២.សំណូមពរ ដល់លោកគ្រូ អ្នកគ្រូ ឬអាណាព្យាបាល សូមយកចិត្តទុកដាក់ត្រួតពិនិត្យរាល់សកម្មភាព របស់សិស្សានុសិស្សបុត្រាបុត្រី របស់ខ្លួននៅពេលដែលមានសកម្មភាព អាប្បកិរិយាប្រែប្រួល ខុសប្រក្រតី ជួនកាលអាចសេពគប់ និងធ្លាក់ចូលជាមួយមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់
៣.បើសិនជាអស់លោកមានការសង្ស័យថា បុគ្គលនោះប្រើប្រាស់សារធាតុញៀនសូមទំនាក់ទំនងមកមន្ត្រីជំនាញ ធ្វើស្វែងរកសារធាតុញៀន ដើម្បីដឹងពីលទ្ធផលជាក់ច្បាស់ មានឬគ្មានផ្ទុកសារធាតុញៀន៕
ប្រភព៖ ស្នងការដ្ឋានខេត្តកំពង់ធំ