ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី៣ សាលាខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារចំនួន០៣ រួមមាន៖
• សេចក្តីព្រាងប្រតិទិន សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
• សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
• សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ។
ទន្ទឹមនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តចប់ ឯកឧត្តមអភិបាលខេត្ត បន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចំនួនដូចខាងក្រោម៖
• ពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធនានា ស្តីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០៖
• ពិនិត្យ និងពិភាក្សាលើការងារត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ង នៅក្នុងឱកាសនៃការ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅ ទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
• ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ ១២ឆ្នាំ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ប្រភពៈ រដ្ឋបាលខេត្តព្រះវិហារ