logo
Header Logo
News Detail
thumbnail
៣ខែ ដើមឆ្នាំ២០២៦ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បញ្ជូនកីឡាករ-កីឡាការិនី ចូលរួមប្រកួតក្នុង និងក្រៅប្រទេសជាង៣០ព្រឹត្តិការណ៍ ដណ្ដើមមេដាយជាង២០០គ្រឿង
88
06-May-2026
National news
Link

ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចូលរួមប្រកួតប្រជែងកីឡាក្នុងប្រទេសសរុប២៨ព្រឹត្តិការណ៍ ដណ្ដើមបានមេដាយសរុប២០៨គ្រឿង ក្នុងនោះមេដាយមាស ៨៤គ្រឿង មេដាយប្រាក់៦០គ្រឿង និងមេដាយសំរឹទ្ធ៦៤គ្រឿង។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាកីឡាផ្ដល់មកក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ 


តាមរបាយការណ៍ដដែល ទន្ទឹមនឹងព្រឹត្តិការណ៍នៅក្នុងប្រទេស ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា និងជាអត្តពលិក ទៅប្រកួតនៅក្រៅប្រទេសបានចំនួន៧ព្រឹត្តិការណ៍ធំៗ ក្នុងនោះដណ្តើមបានមេដាយសរុបចំនួន៦គ្រឿង រួមមាន មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង ព្រមទាំងឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ។ 


ដើម្បីពង្រឹងគុណផលកីឡាឱ្យកាន់តែមានគុណភាពក្នុងកម្រិតកីឡាអាជីព ក្នុងត្រីមាសទី១នោះដែរ ក្រុមប្រឹក្សាកីឡា បានចាត់បញ្ជូនមន្ត្រីនគរបាលជាតិ៥រូប ក្នុងនោះស្រី៣រូប មន្ត្រីបច្ចេកទេស២រូប គ្រូឧទ្ទេស៤រូប និងកីឡាករ៤រូប ចូលរួមវគ្គបណ្តុះបណ្តាលចំនួន៥លើក មានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលសីដក់ថ្នាក់ជាតិ ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកម្រិត១កីឡាទោចក្រយាន វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិកម្រិត១កីឡាលើកទម្ងន់ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតថ្នាក់ជាតិកីឡាទូកក្ដោងកម្រិត១ឆ្នាំ២០២៥ និងវគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា។ 


សម្រាប់ត្រីមាសទី២នេះ ក្រុមប្រឹក្សាកីឡា បានដាក់ចេញទិសដៅការងារបន្តដែលមាន៤ចំណុចសំខាន់ៗ រួមមាន ១.រៀបចំព្រឹត្តិការណ៍ប្រកួត "កីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍" (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ “ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ដែលនឹងធ្វើនៅឆ្នាំ២០២៦” ២.រៀបចំវគ្គបំប៉នដល់មន្ត្រីជំនាញតាមការិយាល័យនីមួយៗ ៣.រៀបចំចាត់បញ្ជូនមន្រ្ដីនគរបាលជាតិដែលជាមន្រ្ដីបច្ចេកទេស កីឡាករ កីឡាការិនី ទៅចូលរួមវគ្គបណ្ដុះបណ្ដាល និងហ្វឹកហាត់នានាក្នុង និងក្រៅប្រទេស និង ៤.ត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ថ្លែងថា លទ្ធផល និងទិសដៅការងារនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីជំរុញពង្រឹងគុណភាព និងប្រសិទ្ធភាព លើគ្រប់ប្រភេទ គ្រប់កម្រិតកីឡា តាមរយៈការហ្វឹកហាត់ និងការប្រកួតប្រជែង នាំមកនូវកិត្យានុភាព ឧត្តមភាព និងប្រសិទ្ធផល ជូនអង្គភាពក្រសួងមហាផ្ទៃ និងសង្គមជាតិ។ 


គួររម្លឹកថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ច គ្រប់គ្រង ដឹកនាំអង្គភាពកីឡានគរបាលជាតិ និងអង្គភាពជំនាញដទៃទៀត ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្ររយៈពេលវែង សហការជាមួយវិស័យកីឡាផ្សេងៗនៅតាមក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យសមត្ថភាពជំនាញ កាយសម្បទារបស់កីឡាករ-កីឡាការិនី និងលើកសំណើសុំ នាយករដ្ឋមន្ត្រី បញ្ចូលក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិជំនួសឱ្យមន្រ្តី គ្រូបង្វឹក កីឡាករ-កីឡាការិនីចាស់ៗ ដែលចូលនិវត្តន៍មិនឱ្យលើសពី៣០% នៃកងកម្លាំងសរុបក្នុងអង្គភាព។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឆ្នាំ២០២០៕ 


ប្រភព៖ មន្រ្តីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior