

ក្រមសីលធម៌ គឺជាគោលការណ៍នៃគុណតម្លៃដែលកំណត់នូវអាកប្បកិរិយានៃភាពថ្លៃថ្នូរ ចេះថ្លឹងថ្លែងខុសត្រូវរបស់បុគ្គល ឫស្ថាប័ន ដែលជួយនាំឱ្យសង្គមមួយមានការរស់នៅប្រកបដោយសេចក្តីសុខ។
ចុះអ្វីទៅគឺជាក្រមសីលធម៌បច្ចេកវិទ្យា?
ស្រដៀងគ្នាទៅនឹងគោលការណ៍នៃក្រមសីលធម៌ដែរ ក្រមសីលធម៌បច្ចេកវិទ្យាគឺជាគោលការណ៍ដែលកំណត់ពីគុណតម្លៃនៃការប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្ស ឫស្ថាប័នដើម្បីនាំឱ្យបច្ចេកវិទ្យាក្នុងពិភពលោកមានការវិវត្តទៅមុខដោយវិជ្ជមាន។
ក្នុងពេលបច្ចុប្បន្ន ក្រមសីលធម៌បច្ចេកវិទ្យាកំពុងត្រូវបានអ្នកជំនាញនាំគ្នាសិក្សា និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរ។ នោះដោយសារតែបច្ចេកវិទ្យាកំពុងមានការវិវត្តយ៉ាងរហ័ស ដែលហេតុនេះហើយទើបក្រមសីលធម៌បច្ចេកវិទ្យាត្រូវតែមានការអភិវឌ្ឍក្នុងល្បឿនឱ្យស្របទៅនឹងការលេចឡើងនៃបច្ចេកវិទ្យាថ្មីៗ។
តួយ៉ាងដូចជា បច្ចេកវិទ្យា AI ( Artificial Intelligence) ជាដើម បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីសម្រួលដល់ការរស់នៅ និងធ្វើការងារប្រចាំថ្ងៃរបស់មនុស្សតាមរយៈមុខងារដែលមានប្រយោជន៍នានា។ ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏ត្រូវបានគេយកទៅប្រើប្រាស់ដោយជនទុច្ចរិតក្នុងការបង្កើតមាតិកាក្លែងក្លាយ ឫអំពើទុច្ចរិតផ្សេងទៀត ហើយយកទៅផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គមដែលបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធឯកជន និងការភ័ន្តច្រឡំក្នុងសង្គមជាដើម។
ក្រៅពីនេះ ឧទាហរណ៍ជាក់ស្តែងដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន នោះគឺការបោកបញ្ឆោត ចាប់ជំរិត និងការប្រព្រឹត្តិអំពើខុសច្បាប់នានាតាមប្រព័ន្ធអនឡាញ ដែលទាំងនេះសុទ្ធសឹងជាបញ្ហាដែលត្រូវទប់ស្កាត់ និងលុបបំបាត់ដើម្បីរក្សាសុវត្ថិភាព និងសេចក្តីសុខក្នុងសង្គម។ អំពើទាំងនេះ កើតឡើងដោយសារការមិនប្រកាន់ខ្ជាប់ក្រមសីលធម៌បច្ចេកវិទ្យា។
ប្រសិនបើមនុស្សគ្រប់រូបមានក្រមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យា នោះសង្គមដែលពួកគេរស់នៅ នឹងក្លាយជាសង្គមមួយដែលប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងសុភមង្គល៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
