

នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសុក្រឹតការនិងវិក្រឹតការ សរុបចំនួន៧វគ្គ ដែលមានសិក្ខាកាមសរុប ៥៣៦នាក់ នារី ៤០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា គ្រូនគរបាល ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាល សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)។
វគ្គបណ្តុះបណ្តាល រួមមាន៖ ១- វគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត២ ជំនាន់ទី៤ ២- វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី១៥ លើកទី២ ៣- វគ្គបណ្តុះបណ្តាលប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្រិត២ ៤- វគ្គបណ្តុះបណ្តាលសន្តិសុខសាយប័រ(Cyber Security) ៥- វគ្គសេនាធិការ (រដ្ឋបាល ផែនការ ការបូកសរុបរបាយការណ៍ ពិធីការ អក្សរសាស្ត្រខ្មែរ វិធីសាស្ត្រសរសេរ) ៦- វគ្គបំប៉នជំនាញគ្រប់គ្រងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ៧- វគ្គបំប៉នជំនាញស៊ើបការណ៍ខាងក្រៅ។
ក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យ សភា បានថ្លែងបញ្ជាក់ថា ការរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមគោរពថ្លែង អំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតាស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាអត្ថកោវិទនៃជាតិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់អាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ រួមទាំងកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ព្រមទាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនដល់ក្រសួងមហាផ្ទៃ សម្រាប់អ្នកដឹកនាំបន្តវេន ជាពិសេស គឺឯកឧត្ដមអភិសន្តិបណ្ឌិត បានផ្ដល់តម្លៃនិងអាទិភាពខ្ពស់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
ចំពោះវគ្គបណ្តុះបណ្តាលទាំង៧វគ្គនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា គឺជាវគ្គដែលឆ្លើយតបទៅតាមតម្រូវការនិងសំណូមពររបស់អង្គភាពសាមី ដើម្បីបំប៉នសមត្ថភាពជំនាញដល់មន្ត្រីនគរបាល ដែលកំពុងបំពេញការងារឱ្យមានលក្ខណសម្បត្តិសមស្រប ក្នុងការលើកកម្ពស់ប្រសិទ្ធភា១ពការងារនៅតាមអង្គភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូនសិក្ខាកាមទាំងអស់ជ្រាបថា ដើម្បីរក្សាបាននូវវប្បធម៌គុណភាព បណ្ឌិត្យសភា បានប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនក្នុងការគ្រប់គ្រង ដូចខាងក្រោម៖
១- អនុវតគោលការណ៍៣យ៉ាង គឺគោលការណ៍សមធម៌ មិនលម្អៀង និងគុណភាព «ត្រូវរៀន ឱ្យចេះ មិនមែនគ្រាន់តែឱ្យចប់នោះទេ» «គុណភាព មិនអាចសម្របសម្រួលបានឡើយ»។
២- ការអនុវត្តវិធីសាស្ត្រវាយតម្លៃ
៣- ការធ្វើមូលវិចារ
៤- ការដាក់ទណ្ឌកម្ម
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងសម្រាប់សិក្ខាកាម ដែលកំណត់ដោយបណ្ឌិត្យសភា និងត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងក្នុងថ្នាក់និងក្រៅថ្នាក់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា










