logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលសាលាស្រុកក្រគរ
150
20-Oct-2026
Sub-nation news
Link

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លើកទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលស្រុកក្រគរ ក្នុងគោលបំណងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះនៅមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានខេត្ត លោកស្នងការរងទទួលទិស លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការស្រុក លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាល លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ផែនការសកម្មភាពរបស់រដ្ឋបាលសាលាស្រុក ដោយបង្ហាញពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ទន្ទឹមនេះការងារចូលបម្រើកាតព្វកិច្ចកងទ័ព គឺមានការចូលរួមជាច្រើនពីសំណាក់យុវជន យុវនារី ដែលក្រុមការងាររបស់ស្រុកបានទទួលពាក្យសុំបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិ ។


បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានលើកឡើងពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ក្នុងស្រុកក្រគរ ព្រមទាំងបានចែករំលែកបទពិសោធន៍ល្អៗរបស់បណ្តាប៉ុស្តិ៍ដែលអនុវត្តការងារបានល្អប្រសើរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់បន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ និងទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រឡងប្រណាំង។ លោកស្នងការរង បានជម្រុញឲ្យបន្តធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយឲ្យបានញឹកញាប់ ជាមួយពិសេសការអនុវត្តការងារនគរបាល និងសហគមន៍។


មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងរដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការសិក្សាស្វែងយល់ពីលក្ខណៈ និងមូលហេតុនៃបទល្មើស ព្រមទាំងរៀបចំវិធានការសមស្របក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលជាបញ្ហាត្រូវការការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។


លោកប្រធានលេខាធិការដ្ឋាន ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងការសរសើរចំពោះប្រជាការពារដែលមានស្នាដៃល្អ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាការពារឱ្យបានត្រឹមត្រូវ និងជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោកអភិបាលរង បានសង្កត់ធ្ងន់លើការពង្រឹងការគ្រប់គ្រងស្ថិតិ និងទិន្នន័យជនបរទេសឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឱ្យបានល្អប្រសើរ ក្នុងការតាមដាន និងគ្រប់គ្រងស្ថានភាពសន្តិសុខនៅតាមមូលដ្ឋាន។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior